មានលុយ តើគួរទិញឡានថ្មី ឬឡានមួយទឹក?

0
169

មានលុយ តើគួរទិញឡានថ្មី ឬឡានមួយទឹក?

រាជធានី​ភ្នំពេញ ៖ « បើសិនជា​មាន​លុយ ខ្ញុំ​ជឿ​ថា​មនុស្ស​១០​ទាំង​១០ ចិត្ត​ស្រឡាញ់​ប្រាកដ​ណាស់​គឺ​ពិតជា​ត្រូវការ​ទិញ​អា​ថ្មី​បក​ពី​កេស​ហើយ »​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​អ្នក​នាង ផា ណេ​ត ជា​អ្នកជំនួញ​ស្ត្រី​វ័យ​កណ្ដាល​មួយ​រូប​ដែល​បច្ចុប្បន្ន​កំពុង​ប្រើប្រាស់​រថយន្ត Pick-up មួយ​ទឹក ម៉ាក​តូ​យ៉ូ​តា ស៊េរី​ឆ្នាំ​២០១៥ ។

អ្នក​នាង​អះអាង​ថា បាន​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​អស់​ជា​ច្រើន​គ្រឿង​មក​ហើយ គឺ​តាំងពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ ហើយ​រាល់​រថយន្ត​ដែល​ប្រើ​នោះ​ដូច​ជា​គ្មាន​បង្ក​ផល​អ្វី​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​នាង​នោះ​ទេ ។ស្ថិត​ក្នុង​វ័យ​៤៥​ឆ្នាំ អ្នកជំនួញ​ស្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​នាង​ទិញ​រថយន្ដ​នេះ​នៅ​ឆ្នាំ​២០១៥ គិត​មក​ពេល​នេះ វា​ទើបតែ​ខូច​ពីរ​ដងគត់ ហើយ​តម្លៃ​នៃ​ការ​ជួសជុល ក៏​មិន​ថ្លៃ​ដែរ ។អ្នក​នាង​ថា ៖« ចិត្ត​ស្រឡាញ់​គឺ​ចង់​ទិញ​ថ្មី​សន្លាង​តែ​ម្តង តែ​ហេតុផល​មួយ​ដែល​ខ្ញុំ​ជ្រើសរើស​របស់​មួយ​ទឹក ដោយសារ​យក​វា​ទៅ​ដឹក​អីវ៉ាន់​។ បើ​យក​ទៅ​ដឹក​អីវ៉ាន់​ដូច្នេះ ទិញ​អា​ថ្មី ស្តាយ ខ្លាច​ប៉ះ​នេះ​ប៉ះ​នោះ អីចឹង​អា​មួយ​ទឹក​នេះ​ក៏​ល្អ​ដែរ ។ អ្វី​ដែល​សំខាន់​នោះ បើ​ទិញ​ថ្មី​បក​ពី​កេស គឺ​លក់​វិញ​ខាត​ខ្លាំង​ណាស់ គឺ​ខាត​ខ្ទង់​៣០%​យ៉ាងតិច ។ ឧទាហរណ៍​បើ​រថយន្ដ​ថ្មី​នោះ​តម្លៃ​៥​ម៉ឺន​ដុល្លារ ហើយ​ប្រើ​បាន​តែ​២​ឆ្នាំ រួច​លក់​វិញ គឺ​បាន​ច្រើន​បំផុត​តែ​៣​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ » ។

លោក ចក់ សា​រិ​ន ម្ចាស់​ហាង​លក់​រថយន្ត​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​រថយន្ត​មួយ​ទឹក មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ព្រោះ​រថយន្ត​ទាំងនោះ​នៅ​តែ​មានគុណ​ភាពល្អ និង​មាន​សុវត្ថិភាព​សម្រាប់​ការ​ប្រើប្រាស់ ។លោក​បាន​បញ្ជាក់​ថា ៖« សម្រាប់​រថយន្ត​ជជុះ មិនមែន​មាន​ន័យ​ថា ជា​របស់​ជជុះ​ដែល​ប្រើ​ការ​មិន​បាន​នោះ​ទេ ហើយ​ក៏​មិនមែន​មាន​ន័យ​ថា​រថយន្ត​ជជុះ​គ្មាន​សុវត្ថិភាព​ដែរ » ។

ម្ចាស់​ហាង​ដែល​លក់​ភាគច្រើន​ជា​រថយន្ដ​ម៉ាក​តូ​យ៉ូ​តា Prius ហា​យ​ប្រ៊ី​ត បាន​ឲ្យ​ដឹង​ទៀត​ថា លោក​លក់ដាច់ គឺ​ម៉ាក​តូ​យ៉ូ​តា Prius ហា​យ ប្រ៊ី​ត គឺ​មាន​អតិថិជន​គ្រាំ​ទ្រ ហើយ​ភាគច្រើន​គឺជា​អ្នកមាន​លទ្ធភាព​ជាវ​រថយន្ត​ដែល​មាន​តម្លៃ​ជាង​១​ម៉ឺន​ទៅ​២​ម៉ឺន​ដុល្លារ ដែល​វា​មិនសូវ​ស៊ីសាំង គឺ​ចំណាយ​រង្វង់​៤០​ដុល្លារ​ទៅ​៥០​ដុល្លារ​ក្នុង​១​ខែ សម្រាប់​ការ​បើកបរ​ក្នុង​ក្រុងភ្នំពេញ ។

លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន RMA Group និង​ជា​អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា មាន​ទស្សនៈ​ផ្ទុយ​ពី​នេះ ដោយ​លោក​បាន​ណែនាំ​ថា ការ​ប្រើប្រាស់​រថយន្ត​ថ្មី គឺ​មាន​សុវត្ថិភាព និង​មិន​ចំណាយ​ខ្ពស់​លើ​ថ្លៃ​ប្រេង ល្អ​ជាង​រថយន្ត​ជជុះ ដូច្នេះ​បើសិនជា​មាន​លទ្ធភាព​គួរ​ជ្រើសរើស​រថយន្ត​ថ្មី ។

លោក​មាន​ប្រសាសន៍​ថា ៖« រថយន្ត​ចាស់ ធៀប​នឹង​រថយន្ត​ថ្មី គឺ​វា​ខុស​គ្នា អីចឹង បើសិនជា​កំណើន​ជីវភាព​ប្រជាជន​ល្អ​ហ្នឹង មាន​ន័យ​ថា គាត់​ត្រូវការ​រថយន្ត​ថ្មី ហើយ​យើង​ឃើញ​ថា​ទំនោរ​ទិញ​រថយន្ត​ថ្មី​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​មានការ​កើនឡើង ។ មួយទៀត រថយន្ត​ថ្មី​មានការ​គាំទ្រ​ច្រើន​ពី​ខាង​ស្ថាប័នហិរញ្ញវត្ថុ​ដែល​គាត់​អាច​ទិញ​ហើយ​បង់​រំលស់​បាន អីចឹង​បាន​ន័យ​ថា គាត់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទិញ​ច្រើន​ជាង ដោយសារ​តែ​គាត់​អត់​ចាំបាច់​ត្រូវការ​យក​លុយ​ទាំងអស់​ទៅ​ទិញ​ទេ ។ ដូច្នេះ គួរតែ​គាត់​យក​រថយន្ត​ថ្មី​ប្រើ​ច្រើន​ជាង​ហើយ »​។

បើ​ទោះបីជា​ការ​ប្រើប្រាស់​រថយន្ត​ថ្មី​មានការ​កើនឡើង​ក្នុង​កម្រិត​តិចតួច​សម្រាប់​ឆ្នាំ​២០១៦ ក្ដី ក៏​ការ​ជាវ​រថយន្ត​ថ្មី​យក​ទៅ​ប្រើប្រាស់​មានការ​កើនឡើង​ប្រមាណ​៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៥​។ សម្រាប់​ទីផ្សារ​រថយន្ត​ថ្មី​នាំមុខ​គេ​គឺ​មាន Ford, Toyota, Mazda, និង Mitsubishi ជាដើម ។

លោក ង​ន សាំង បាន​បន្ថែម​ថា ៖« ខ្ញុំ​មាន​សារ​មួយ​ដែល​យើង​ចង់​បង្ហាញ​ទៅ​ប្រជាជន​ទាំងអស់​ឲ្យ​គាត់​យល់​ដឹង ។ មែនទែន​ទៅ បើ​យើង​និយាយ​ពី​រថយន្ត គាត់​គួរ​ប្រើ​រថយន្ត​ថ្មី​ដែរ បើ​មាន​លទ្ធភាព ។ ហេតុផល គឺថា ទី​១- បើសិន​យើង​និយាយ​ពី​តម្លៃ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ​ទេ ព្រោះ​រថយន្ត​ជជុះ​មួយ​ចំនួន​ក៏​ថ្លៃ​ដែរ អីចឹង​តម្លៃ​អត់​សូវ​ជា​ខុស​គ្នា​ទេ ។ ទី​២- បើ​គាត់​មាន​លុយ​ទិញ​រថយន្ត​ជជុះ គឺ​គាត់​អាច​ទិញ​រថយន្ត​ថ្មី​បាន​ហើយ ដោយសារ​ដូច​ខ្ញុំ​និយាយ​ខាង​ដើម គឺ​គាត់​អាច​បង់​រំលស់​បាន មាន​ន័យ​ថា គាត់​គ្រាន់តែ​បង់​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​បង់​រំលស់​។ គាត់​មានការ​ងារ​ធ្វើ គេ​កាត់​ពី​ប្រាក់ខែ​មួយ​ចំនួន​ទៅ អីចឹង​គាត់​មាន​រថយន្ត​ថ្មី​ជិះ​ហើយ » ។

លោក​អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បាន​ពន្យល់​បន្ថែម​ទៀត​ថា ៖« រថយន្ត​ជជុះ​ហ្នឹង សុទ្ធតែ​អាយុ​ខ្លះ​ចាប់ពី​៤​ឬ​៥​ឆ្នាំ ខ្លះ​ដល់​ទៅ​ជាង​១០​ឆ្នាំ​ក៏​មាន​ដែរ ។ បើ​យើង​និយាយ​ពី​បញ្ហា កាលណា​វា​ចាស់​ហើយ វា​ស៊ីប្រេង​ច្រើន​ហើយ ។ អីចឹង រវាង​ទិញ​ថ្មី និង​ចាស់ គឺ​អត់​បាន​សន្សំ​សំចៃ​ទេ បើ​ទិញ​អា​ចាស់​(​មួយ​ទឹក​) ថ្វីបើ​ថោក​មែន តែ​យើង​ចាក់​ប្រេង​ច្រើន វា​ខូច​ច្រើន ចូល​ជាង​ច្រើន ចំណាយ​លុយ​ជួសជុល​ច្រើន​ដដែល ។ អីចឹង ចំណាយ​សម្រាប់ Operation (​ការ​ថែទាំ​)​ហ្នឹង គឺ​វា​ខ្ពស់​ជាង​រថយន្ត​ថ្មី »​។

លោក ង​ន សាំង បាន​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​វិញ រថយន្ត​ជជុះ​មួយ​ចំនួន គឺ​វា​ខុស​លក្ខណៈ​បច្ចេកទេស ដែល​នៅ​ស្រុក​គេ គេ​មិន​អនុញ្ញាត​ឲ្យ​រត់​លើ​ផ្លូវ​ទេ អីចឹង​គាត់​ត្រូវការ​លក់​ចេញ​ទៅ​ប្រទេស​ខាងក្រៅ​។ លោក​ថា​៖« អីចឹង យក​មក វា​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​យើង និង​ក្រុម​គ្រួសារ​របស់​យើង ហើយ​រថយន្ត​មួយ​ចំនួន​ទៀត មិន​ត្រឹមតែ​មាន​បញ្ហា​ប៉ុណ្ណឹង​ទេ ខ្លះ​គេ​យក​មក​កាត់ត​ទៀត ។ បើ​និយាយ​លក្ខណៈ​បច្ចេកទេស គឺ​មិន​អាច​រត់​នៅ​លើ​ផ្លូវ​បាន​ទេ គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​សុទ្ធតែ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត ។ អីចឹង យើង​គួរតែ​ពិចារណា​រឿង​ហ្នឹង​ដែរ បើសិនជា​ពេល​ដែល​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ គឺ​គួរ​ទិញ​អា​ថ្មី ព្រោះថា រថយន្ត​មែនទែន​ទៅ គឺ​យើង​ផ្ញើ​អាយុជីវិត​លើ​វា យើង​នៅ​ក្នុង​រថយន្ដ អាយុជីវិត​យើង​ក៏​នៅ​ក្នុង​ហ្នឹង​ដែរ អីចឹង​គួរតែ​ប្រើ​របស់​ដែល​គិត​ថា វា​មាន​សមត្ថភាព​គ្រប់ គ្រាន់​សម្រាប់​យើង​» ។

លោក លី សីឡា ទទួលស្គាល់​ថា ការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក ពិតជា​ចូល​ជាង​ញឹកញាប់ តែ​លោក​ថា នេះ​គឺ​ដោយសារ​តែ​បញ្ហា​មិន​ចេះ​មើល​រថយន្ត​ប៉ុណ្ណោះ ។លោក​បញ្ជាក់​ថា ៖« ខ្ញុំ​មាន​លទ្ធភាព​ទិញ​ត្រឹម​រថយន្ត​មួយ​ទឹក​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ដោយសារ​តម្លៃ​រថយន្ត​ថ្មី គឺ​ថ្លៃ​ជាង ហើយ​តម្លៃ​ខុស​គ្នា​ពីរ​ឬ​បី​ដង​ឯណោះ ។ ខ្ញុំ​ទទួលស្គាល់​ថា​រថយន្ត​មួយ​ទឹក​ឧស្សាហ៍​ខូច​មែន ដោយសារ​តែ​ពេល​យើង​ទិញ មិន​ចេះ​មើល ។ ដូច្នេះ​វា​ទាមទារ​ឲ្យ​អ្នកលក់​ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​អតិថិជន​ដែរ ព្រោះ​គ្នា​មាន​លុយ​តិច ដល់​ពេល​ប៉ះ​ចំ​រថយន្ដ​អន់ ចូល​ជាង​ក៏​ញឹក គឺ​ចូល​សឹង​រហូត ហើយ​ខ្ញុំ​អស់​ថ្លៃ​ជួសជុល​ចុង​ក្រោយ គឺ​ជាង​២០០​ដុល្លារ​ឯណោះ » ។

លោក​សីឡា​បាន​និយាយ​ថា រថយន្ត​ដែល​លោក​ប្រើ​មុន​ក៏​មួយ​ទឹក​ដែរ គឺ​ស៊េរី​ឆ្នាំ​ផលិត​១៩៩៧ តែ​មិនសូវ​មាន​បញ្ហា​ដូច​រថយន្ត​ក្រោយ​ដែល​កំពុង​តែ​ប្រើ​នេះ​ទេ ព្រោះ​វា​ឧស្សាហ៍​លោត​សញ្ញា Check ជា​ញឹកញាប់​ដែល​តម្រូវ​ឲ្យ​លោក​ត្រូវ​យក​វា​ទៅ​ជួសជុល​ញឹកញាប់​ដែរ ។លោក​បន្ថែម​ទៀត​ថា ៖« រថយន្ត​ថ្មី​វា​ល្អ​ហើយ តែបើ​ប្រើ​យូរ​ទៅ​ដល់​កម្រិត​មួយ វា​នឹង​សឹក​រេចរឹល​ដូច​តែ​គ្នា​ហ្នឹង » ។លោក​បន្ត​ថា បើ​ទោះបីជា​លោក​មាន​ចំណូល សមរម្យ និង​លទ្ធភាព​បង់​រំលស់​ក្នុង​មួយ​ខែ​៤​ឬ​៥០០​ដុល្លារ​ក្តី លោក​សុខចិត្ត​ទៅ​បង់​រំលស់​ផ្ទះ​វិញ មិន​មក​បង់​រំលស់​ជាមួយ​រថយន្ត​ថ្មី​នោះ​ទេ ព្រោះ​លោក​យល់​ឃើញ​ថា រថយន្ដ​ថ្មី​គឺ​មាន​តែ​អ្នក​ជីវភាព​ធូរធារ​ខ្លាំង ដូច្នេះ​សម្រាប់​អ្នកមាន​ជីវភាព​ធ​ម្យ​ម គឺ​សមរម្យ​ជាមួយ​រថយន្ត​មួយ​ទឹក​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​នេះឯង ។

អ្នក​នាង ផា ណេ​ត យល់​ឃើញ​ថា រថយន្ដ​ថ្មី ឬ​មួយ​ទឹក មិនមែន​ជា​បញ្ហា​នៃ​ការ​កើត​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ​នោះ​ទេ គឺ​វា​អាស្រ័យ​លើ​អ្នក​កាន់ចង្កូត ថា​តើ​ចេះ​បើកបរ​គោ​ព​ច្បាប់​ចរាចរណ៍ និង​ចេះ​គ្រប់គ្រង​ល្បឿន​ឬ​អត់ ?អ្នក​នាង​បញ្ជាក់​៖«​រថយន្ដ​ថ្មី​ក៏​ដោយ បើ​ប្រើ​ដល់​កម្រិត​គង់តែ​យ៉ាប់​ដូច​គ្នា ព្រោះ​វា​មានរឿង​ជាក់ស្តែង​នៃ​ការ​ប្រើប្រាស់​រថយន្ត​ទំនើប​តម្លៃ ២០​ឬ​៣០​ម៉ឺន​ដុល្លារ តែ​បើក បរ​លឿន​ពេក ហើយ​មាន​ហេតុការណ៍​អី​កើតឡើង មិន​អាច​គ្រប់គ្រង​ស្ថានការណ៍ នោះ​ក៏​វា​ជា​បញ្ហា​ដែរ​» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here