ជួយគាំទ្រផង!មុខម្ហូបត្រីកន្តរ៉ខ្មែរនៅលើទឹកដីខេត្តស្ទឹងត្រែង

0
60

ជួយគាំទ្រផង!មុខម្ហូបត្រីកន្តរ៉ខ្មែរនៅលើទឹកដីខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈពលរដ្ឋខ្មែរនៅខេត្តស្ទឹងត្រែងមួយចំនួននិយមចូលចិត្តធ្វើម្ហូបត្រីកន្តរ៉នេះណាស់។រីឯមនុស្សជាច្រើនមិនបានដឹង ឬក៏ធ្លាប់ភ្លក្ស មុខម្ហូបមួយប្រភេទនេះនៅឡើយទេដោយសារតែមិនមានលក់ច្រើននៅលើទីផ្សារ។

ផ្អែកលើវចនានុក្រមខ្មែរពាក្យកន្តរ៉គឺជានាមមានន័យថា បន្ទោះប្ញស្សី ឬផ្តៅមានសណ្ឋានដូចកន្រ្តងមានដងវែង សម្រាប់បេះផ្លែស្វាយ ជាដើម។ដោយសារពលរដ្ឋក្នុងខេត្តស្ទឹងត្រែងយកកន្រ្តងនេះទៅដងត្រីស្លឹកប្ញស្សីមកហាលឱ្យស្ងួតទើបគេហៅថាត្រីកន្តរ៉។អ្នកស្រី គឹម ថុលពលរដ្ឋភូមិបាចុងសង្កាត់ព្រះបាទក្រុងស្ទឹងត្រែងបានរៀបរាប់ថាត្រីកន្តរ៉គឺជាឈ្មោះ ម្ហូប ដែលមានលើទឹកដីខេត្តស្ទឹងត្រែង ហើយមនុស្សជាច្រើនពុំបានដឹងពីរបៀបធ្វើនិងធ្លាប់ភ្លក្សរសជាតិបែបណាទេ។ គាត់បានប្រកបមុខរបរនេយូរឆ្នាំមកហើយ។ចំណែកប្តីរបស់គាត់គឺជាអ្នកនេសាទដោយផ្ទាល់។

អ្នកស្រីបាននិយាយបន្តថា នៅក្នុងភូមិរបស់គាត់មានមិនដល់១០គ្រួសារទេ ដែលប្រកបមុខរបរមួយនេះដោយសារតែគេរវាល់ធ្វើការងាររដ្ឋ។ប្តីអ្នកស្រីបានចេញទៅដងត្រីរាល់ថ្ងៃពេលព្រឹក។ហើយវិលត្រឡប់មកវិញនៅពេលថ្ងៃត្រង់។

អ្នកប្រកបមុខរបរត្រីកន្តរ៉បាននិយាយប្រាប់ឱ្យដឹងថាពលរដ្ឋឡាវរស់នៅជាប់ព្រំដែនខេត្តស្ទឹងត្រែងគេនិយមចូលចិត្តណាស់ ហើយថៅកែត្រីនៅខេត្តស្ទឹងត្រែង គឺជាអ្នកដឹកជញ្ជូនយកទៅលក់ឱ្យឈ្មួញជនជាតិឡាវ។តម្លៃលក់ចេញក្នុងមួយគីឡូក្រាម អ្នកស្រីលក់ចេញតម្លៃ១៥.០០០រៀល។
អ្នកស្រីគឹមថុលបានបញ្ជាក់ថាពលរដ្ឋឡាវគេចូលចិត្តទទួលទានម្ហូបត្រីកន្តរ៉ជាមួយបាយដំណើប។ហើយខ្មែរយើងភាគតិចណាស់ដែលចូលចិត្តបរិភោគ។
ការនេសាទត្រីកន្តរ៉ ភាគច្រើនធ្វើឡើងក្នុងរដូវវស្សា ខែកក្កដា និងសីហា។ឧបករណ៍នេសាទមានដូចជាថ្នងប្រភេទប្ញស្សីមានរាងរង្វង់មូលធំប្រហែលប៉ិនឆ្នាំងខ្ទះត្នោត។ខ្លាច់ត្រីរៀលនិងត្រីអណ្តែងស្រស់កាត់ជាកង់ៗ។ នៅលើទូកនេសាទ គេប្រើកូនឆ្នាំងតូចមួយមានទាំងចង្រ្កាន ដុតកម្តៅខ្លាច់ត្រី កុំឱ្យវាកក។គេបើកទូកទៅកន្លែង ដែលមានទឹកហូរ មានព្រៃលិចទឹកនិងអន្លង់ជ្រៅរួចចងទូក។

បន្ទាប់មកគេយកត្រីអណ្តែងដែលកាត់ជាកង់ៗជ្រលក់ជាមួយខ្លាញ់ត្រីរៀលទៅកូក្នុងទឹកពេលនោះត្រីស្លឹកប្ញស្សីធំក្លិនចង្អាប ហែលមកស៊ីខ្លាញ់ត្រី។ អ្នកនេសាទ គេយកថ្នងជ្រមុជទឹកឱ្យជ្រៅបន្តិតទុកបួនទៅប្រាំវិនាទី ដើម្បីឱ្យត្រីស្លឹកប្ញស្សីហែលចូល រួចលើកថ្នងចាក់ត្រីដែលដួសបានដាក់ចូលក្នុងទូក។នៅក្នុងទូកគេទុកទឹកបន្តិចដើម្បីឱ្យត្រីដែលដួសបានវានៅរស់។ពេលដួសបានច្រើន ហើយគេបើកទូកមកដល់ផ្ទះ យកត្រីដែលដួលបានទុកឱ្យវាងាប់តែកុំឱ្យហើមស្អុយរួចយកមកហាលថ្ងៃលើរានបន្ទះប្ញស្សី។ពេលស្ងួតក្រៀមហើយទើបគេអាចយកទៅធ្វើម្ហូបជាត្រីកន្តរ៉បាន។
យោងតាមឯកសាចងក្រង របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែងបានបង្ហាញថា គ្រឿងផ្សំ ធ្វើម្ហូបត្រីកន្តរ៉ មានដូចជា ត្រីស្លឹកប្ញស្សី គល់ស្លឹកគ្រៃ ម្ទេស មើមខ្មឹមក្រហម មើមខ្ទឹមប៉ាឃីវ អំបិល ប៊ីចេង ប្រហុក និងមើមរំដេង។

វិធីធ្វើគេយកត្រីស្លឹកប្ញស្សី ដែលហាលស្ងួត(ហាលទាំងស្រការមិនយកអាចម៍ចេញ)ក្រៀមបំផុតរួចយកទៅដុតកំលោច ឬលីង ឱ្យស្វិតបន្តិច រួចហើយស្រង់ដាក់ចានទុកម្តុំ។បន្ទាប់មកយកគល់ស្លឹកគ្រៃមកហាន់ឱ្យស្តើងៗ ដុតកម្លោចម្ទេស និងយកមើមខ្ទឹមក្រហម ខ្ទឹមប៉ាឃីវ មើមរំដេងឱ្យបានសមល្មមរួចហើយយកទៅបុកជាមួយអំបិល ប៊ីចេងឱ្យម៉ត់ល្មមរួចយកដាក់ចាន។
ក្រោយមកទៀតគេយកត្រីកន្តរ៉មកបុកជាមួយមើបខ្ទឹមក្រហម មើមប៉ាឃីវ មើមរំដេង អំបិល ប៊ីចេង ដាក់ប្រហុកឱ្យល្មមតាមតម្រូវការភ្លក្សដឹងថាល្មមហើយអាចយកទៅបរិភោគជាមួយបាយបានហើយ។ក្រៅពីនេះគេយកអន្លក់ត្រួយស្តៅ ត្រួយរាំង ត្រសក់ សណ្តែកគួ ត្រួយស្មាច់ព្រៃ ត្រួយត្រដក់មកពិសារជាមួយបាយឆ្ងាញ់យ៉ាងពិសេស។

ម្ហូបនេះគេនិយមចូលចិត្ត សម្រាប់ពលរដ្ឋ នៅតាមជនបទគឺមានការទទួលទានម្តងម្កាលប៉ុណ្ណោះមិនញឹកញ៉ាប់ទេ។ទទួលទានជុំគ្នាជាលក្ខណៈគ្រួសារ ចង់ពេលណាក៏បាន ស្រេចតែចិត្តចង់៕ប្រភព៖ ឦសានញូវ

LEAVE A REPLY

Please enter your comment!
Please enter your name here