នេះហើយជាជីវិតអ្នកឆ្លងដែនកាប់ឈើនៅថៃ ត្រូវរងគ្រោះដោយការបាញ់ប្រហារពីសំណាក់ទាហានថៃ

0
709

នេះហើយជាជីវិតអ្នកឆ្លងដែនកាប់ឈើនៅថៃ ត្រូវរងគ្រោះដោយការបាញ់ប្រហារពីសំណាក់ទាហានថៃ
លោក សុផន(ឈ្មោះដាក់ឲ្យ) បានបញ្ជាក់​ថា៖ «ពេល​ឆ្លង​ព្រំដែន​ទៅ​កាប់​ឈើ​នៅប្រទេសថៃ ជីវិត​យើង​មាន​តម្លៃ​ស្មើ​នឹង ៨០ ទៅ ៩០ដុល្លារ​អាមេរិក ព្រោះ​នោះ​ជា​ប្រាក់​កម្រៃ​ដែល​យើង​រក​បាន​ក្នុង​មួយ​លើកៗ។ បើ​ទាហាន​ថៃ​បាញ់​យើង នោះ​ជា​តម្លៃ​ជីវិត​យើង​ហើយ»។អង្គុយ​នៅ​ក្រោយ​រទេះ​ធំ​មួយ ដែល​អូស​ពីខេត្ត​ឧត្តរ​មាន​ជ័យ ចូល​ទឹក​ដីថៃ លោក សុផន ដែល​ជា​មេ​ក្រុម​កាប់​ឈើ​ខុស​ច្បាប់ បាននិយាយថា ការ​ស្វែង​រក​ឈើ​ប្រណីត​មាន​តម្លៃ​អ្នក​កាប់​ឈើ​ត្រូវ​ធ្វើ​ដំណើរ ៤ម៉ោង​លើ​ជួរភ្នំ​ដងរែក ដើម្បី​ចូល​ទៅ​ក្នុងប្រទេស​ថៃ។បើ​តំបន់​នោះ​មាន​ឈើ​ប្រណីត​ច្រើន ទី​នោះ​ក៏​ជា​មូលដ្ឋាន​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​ដែរ។

លោក​និយាយ​ថា៖ «ពេល​ទៅ​កាប់​ឈើ​នៅ​ពេល​យប់ យើង​បែង​ចែក​ជា ៣ក្រុម គឺ​មួយ​ក្រុម​នៅ​ខាង​ឆ្វេង មួយ​ក្រុម​ទៀត​នៅ​ខាង​ស្តាំ​ចាំ​ឃ្លាំ​មើល​ទាហាន​ថៃ ហើយ​មួយ​ក្រុម​ទៀត នៅ​កណ្តាល​ជា​អ្នក​កាប់។ ពេល​ខ្លះ យើង​មិន​ដេក​ពួន​ដល់​ទៅ ២ ថ្ងៃ ហើយ​គ្មាន​ម្ហូប​អាហារ​ថែម​ទៀត»។ លោក​ថា៖ «ដើម្បី​សុវត្ថិភាព ពួក​យើង​ប្រើ​អាយកូម ហើយ​មេៗ​ដើរ​ពី​មុខ​ក្រុម​ប្រហែល ១០ ម៉ែត្រ។ ពេល​ឃើញ​ទាហាន​ថៃ មេ​ក្រុម​ត្រូវ​ស្រែក​ប្រាប់​កូន​ក្រុម​ឲ្យ​បោះ​អ្វីៗ​ចោល ហើយ​រត់​ទៅ​កន្លែង​សុវត្ថិភាព»។ប៉ុន្តែបើ​ទោះ​ជា​ពួកគេ​ខំ​ប្រឹង​រត់​រក​ទី​សុវត្ថិភាព​ក៏​ដោយ ឯ​ការ​ស្លាប់​វា​តែង​តែ​កើត​មាន​ជា​ញឹក​ញាប់។លោក សុផន ប្រាប់​ដែរ​ថា គាត់​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត។ «ទាហាន​ថៃ ពួកគេ​ស្វែង​រក​តែ​មេៗ​ក្រុម​ទេ»។លោក​អះអាង​ថា មាន​អ្នក​កាប់​ឈើ​កម្ពុជា​ខុស​ច្បាប់​ប្រហែល ១ពាន់​នាក់ ដែលដែលតែងតែឆ្លងដែនចូលប្រទេសថៃ ទៅ​កាប់​ឈើ​ប្រណីត។

សុផន និង​អ្នក​កាប់​ឈើ​នៅខេត្ត​ឧត្តរ​មាន​ជ័យ ប្រាប់ថា ទាហាន​ខ្មែរ​នៅ​កណ្តាល​នៃ​ជំនួញ​ខុស​ច្បាប់​មួយ​នេះ។
លោក​បញ្ជាក់​ថា៖ «យើង​មាន​បញ្ហា​ជាមួយ​នឹង​ទាហាន​ថៃ ហើយ​ពេល​មក​ដល់​ព្រំដែន​ខ្មែរ​វិញ យើង​ជួប​បញ្ហា​ជាមួយ​នឹង​ទាហាន​យើង​ម្តង។ គេ​គំរាម​រឹប​អូស​យក​ឈើ​ប្រសិន​យើង​មិន​ព្រម​លក់​ឲ្យ​ពួក​គេ តែ​បើ​យើង​លក់​ឲ្យ​ពួក​គេ​ឲ្យ​ថ្លៃ​ទាប​ជាង​យើង​លក់​ឲ្យ​ឈ្មួញ»។«យើង​ប្រថុយ​ជីវិត ដើម្បី​យក​ឈើ​នោះ ប៉ុន្តែទាហាន​ខ្មែរ​មិន​យល់​ទេ…យើង​គ្មាន​អំណាច​និយាយ​អ្វី​ទេ ព្រោះ​យើង​ជា​ជនល្មើស»។លោកកុសល(ឈ្មោះ​ដាក់​ឲ្យ) ដែល​កដែលកាប់ឈើខុសច្បាប់មួយទសវត្សរ៍មកហើយនិយាយថា«ទាហានខ្មែរបានចាប់ខ្លួនយើង និង​រឹប​អូស​ឈើ​ ប៉ុន្តែបើយើងជួបទាហានថៃ យើង​នឹង​ស្លាប់​តែ​ម្តង»។ «នៅ​ក្នុង​ដីថៃ យើង​ភ័យ​ណាស់។…យើង​ដេក​ក្រោម​ដី។ ទាហាន​ថៃ​បាញ់​នៅ​ពេល​ថ្ងៃ ហើយ​ពេល​យប់​គេ​មិន​បាញ់​ច្រើន​ទេ»។ពួក​អ្នក​កាប់​ឈើ​បាន​ប្រាប់ថា ស្ថានការណ៍​មិន​ល្អ និង​ការ​ប្រថុយ​ស្លាប់ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​បែរ​ទៅ​ប្រើ​ប្រាស់​ថ្នាំ​ញៀន។

លោក សួន សំនៀង (ឈ្មោះ​ដាក់​ឲ្យ) បន្ទរ​ថា មេ​ខ្យល់​ផ្តល់​ថ្នាំ យ៉ាបា ទៅ​ឲ្យ​អ្នក​កាប់​ឈើ​ខុស​ច្បាប់ ដើម្បី​ទប់​នឹង​ស្ថានការណ៍​នេះ ក្នុង​ដំណើរ​ដំបូង​របស់​ខ្លួន។ ត​មក​មនុស្ស​ជាច្រើន​បាន​ញៀន​ថ្នាំ។«ខ្ញុំ​គិត​ថា អ្នក​កាប់​ឈើ​វ័យ​ក្មេង ៧០ភាគរយ​កំពុង​ប្រើ​ថ្នាំ​ញៀន ហើយ​មេ​ខ្យល់​ជា​អ្នក​បង្រៀន​ពួកគេ។ឥឡូវ​ពួកគេ​ទិញ​ថ្នាំ​ខ្លួន​ឯង។ពេល​ខ្ញុំ​ទៅ​តាម​ក្រុម ខ្ញុំ​មិន​ដែល​ប្រើ​ថ្នាំ​ទេ ប៉ុន្តែពេល​ខ្ញុំ​ទៅ​តាម​មេ​ខ្យល់​ពួកគេ​ឲ្យ​ថ្នាំ​មក​ប្រើ។ខ្ញុំ​មិន​ចង់​ប្រើ​ទេ ប៉ុន្តែពេល​ខ្លះ ខ្ញុំ​មិន​អាច​ដេក​បាន​រហូត២ថ្ងៃ​គ្មាន​អាហារ ខ្ញុំ​ត្រូវ​តែ​ប្រើ​វា»។
លោក សែម ថុន អាយុ ២៩​ឆ្នាំ (ឈ្មោះ​ដាក់​ឲ្យ) ត្រូវ​គេ​បាញ់​ចំ​ជើង​ពេល​កំពុង​កាប់​ឈើ​នៅ​ក្នុងប្រទេស​ថៃពី​ដើម​ខែ​នេះ។ ដោយ​គ្មាន​លុយ​វះកាត់​គ្រាប់​នៅ​បៀម​ជាប់​ជើង។គាត់​គិត​ថា ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា ពេល​ជួប​ទល់​នឹង​ទាហាន ថៃ ៨ នាក់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​បាន​ដើរ​ផុត​ទឹក​ដី​កម្ពុជាដោយ​អត់​ដឹង​ខ្លួន ហើយ​មិត្ត​ខ្ញុំ​ប្រាប់​ថា យើង​នៅថៃ ខ្ញុំ​នឹងព្យាយាម​ដើរ​មក​វិញ​ភ្លាម។ ប៉ុន្តែក៏​ជួប​ទាហាន​ថៃ ដែល​បាន​បាញ់​មក​លើ​ខ្ញុំ។ពួក​គេ​ប្រញាប់​មក​វាយ​ខ្ញុំ ប៉ុន្តែខ្ញុំ​វាយ​តប​វិញ និង​ព្យាយាម​រត់​មក​ព្រំដែន​កម្ពុជា​វិញ។ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​រង​របួស​ទេ រហូត​ទាល់​តែ​ខ្ញុំ​ប៉ះ​ជើង​ខ្ញុំ ហើយ​ឃើញ​ឈាម។បន្ទាប់​មក​ខ្ញុំ​សន្លប់ ពេល​ដឹង​ខ្លួន ខ្ញុំ​នៅ​ក្នុង​មន្ទីរពេទ្យ»។លោក អេត សុខ អាយុ ៥២​ឆ្នាំ (ឈ្មោះ​ដាក់​ឲ្យ) អ្នក​ជិត​ខាង​លោក ធឿន យល់​ស្រប​ដែរ។«បើ​យើង​នៅ​ផ្ទះ យើង​នឹង​ដាច់​ពោះ​ស្លាប់។ តែ​បើ​យើង​ឆ្លង​ដែន​ហើយ​សំណាង​ល្អ​យើង​មិន​ស្លាប់ យើង​នឹង​មាន​អាហារ​ឲ្យ​កូន​ប្រពន្ធ​ហូប»។

លោក សុខ ដែល​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​តាំង​ពីឆ្នាំ​១៩៨៧ ប្រាប់ដែរថា ទាហាន​ថៃ​បាន​បាញ់​កាត់​ជាច្រើន​លើក ប៉ុន្តែ​គាត់​គេច​ផុត​រហូត។ «ពេល​ឃើញ​ទាហាន​ថៃ យើង​បោះ​អ្វីៗចោល​ទាំង​អស់​រត់​រក​ទី​សុវត្ថិភាព»។
ក្រៅ​ពី​ភ័យ​ខ្លាច​នឹង​ការ​បាញ់​ប្រហារ អ្នក​កាប់​ឈើ​ជាច្រើន​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ ពេល​ឆ្លង​កាត់​ព្រំដែន។
យាយ សុង សីហា អាយុ៦៣​ឆ្នាំ(ឈ្មោះ​ដាក់​ឲ្យ)បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​រាល់​ថ្ងៃ​គិត​អំពី​កូន​ប្រុស​ដែល​ជាប់​គុកនៅប្រទេសថៃ អស់​ពេល៤ខែ​មក​ហើយ។កូន​ប្រុស​គាត់​លី​ឈើ​ប្រណីត៤០គីឡូក្រាម​ពេល​គេ​ចាប់​ខ្លួន ហើយ​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​រយៈ​ពេល១៧ខែ។

លោក​យាយ​បួង​សួង​ពី​ផ្ទះ​នៅ ខេត្ត​ឧត្តរ​មាន​ជ័យ សូម​ឲ្យ​កូន​វិល​មក​វិញ​ដោយ​សុវត្ថិភាព។«ខ្ញុំ​ចង់​ឲ្យ​កូន​មាន​សេរីភាព ខ្ញុំ​នឹង​ឲ្យ​កូន​ធ្វើ​ការ​នៅ​ស្រែ បើ​ទោះ​ជា​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​ចិញ្ចឹម​ជីវិត​ក៏​ដោយ»។
បើ​ទោះ​ជា​មាន​គ្រោះថ្នាក់​ក៏​ដោយ មនុស្ស​ជាច្រើន​នាក់​បាន​អះអាង​ថា គេ​គ្មាន​ជម្រើស​ទេ ក្រៅ​ពី​បន្ត​លេង​ល្បែង​ជាមួយ​នឹង​ការ​ប្រថុយ​ជីវិត​នេះ៕
អត្ថបទ÷ ដកស្រង់ពី www.khmerpost.com

LEAVE A REPLY

Please enter your comment!
Please enter your name here