យុវនារីសកម្មជនបក្សប្រឆាំងម្នាក់ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ ក្រោយចូលបំភ្លឺពាក់ព័ន្ធប្រើហ្វេសបុកប្រមាថថ្នាក់ដឹកនាំ

0
58

យុវនារីសកម្មជនបក្សប្រឆាំងម្នាក់ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ ក្រោយចូលបំភ្លឺពាក់ព័ន្ធប្រើហ្វេសបុកប្រមាថថ្នាក់ដឹកនាំ

ក្រោយពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្អូនស្រីសកម្មជនបក្សប្រឆាំងម្នាក់ និងជាសកម្មជនបរិស្ថានកាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០១៩ ក្រោមបទចោទប្រកាន់ និងចូលខ្លួនបំភ្លឺករណីប្រមាថថ្នាក់ដឹកនាំ។ យោងតាមគណនីហ្វេសឈ្មោះ Porn Panha បានអោយដឹងថាតែក្រោយការបំភ្លឺប្អូនស្រី សៅ ឩសភា ឬ សភា មយូរ៉ា ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ។

គួររំលឹកផងដែរថា សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ខ្លួន សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ និង​ជា​សកម្មជន​បរិស្ថាន នៅ​ពេល​នាង​កំពុង​ជិះ​ម៉ូតូ ទៅ​ធ្វើការ​រោងចក្រ នៅ​ព្រឹក​ថ្ងៃទី២៣ សីហា​។ សមត្ថកិច្ច​ថា ការ​ឃាត់ខ្លួន​សមាជិក​បក្ស​ប្រឆាំង​ស្រុក​ព្រៃនប់​នេះ ជា​ការ​អញ្ជើញ​សាមីខ្លួន ឱ្យ​មក​បំភ្លឺ​ករណី​ហ្វេសប៊ុក (facebook) បង្ហោះ​សារ​ជេរប្រមាថ​មេដឹកនាំ​របប​ក្រុងភ្នំពេញ។

សាច់ញាតិ​ម្នាក់ របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ កញ្ញា សៅ ឧសភា ឱ្យ​ដឹង​ថា សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ជន​ស្លៀកពាក់​ស៊ីវិល​ច្រើន​នាក់ ចាប់​ខ្លួន​​នៅ​ម៉ោងជាង​ ៦​ព្រឹក ពេល​នាង​កំពុង​​ជិះ​​ម៉ូតូ​​ជាមួយ​បងប្រុស​ទៅ​ធ្វើ​ការ​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ។

ប្អូនស្រី​របស់ កញ្ញា សៅ ឧសភា គឺ​កញ្ញា សៅ ពិសី រៀបរាប់​ថា មនុស្ស​មួយ​ក្រុម​ស្លៀកពាក់​ស៊ីវិល ចុះ​ពីលើ​ឡាន​ស៊េរី​ទំនើប​មួយ​គ្រឿង ដើរ​សួរ​គេឯង​ថា នរណា​ឈ្មោះ សៅ ឧសភា នៅ​កណ្ដាល​ផ្លូវ ចំ​ពេល​ស្ទះ​ចរាចរណ៍ នៅ​ចំណុច​អូរ​ឧកញ៉ា​ហេង។ នៅ​ពេល​កញ្ញា សៅ ឧសភា ប្រាប់​ថា គឺ​ជា​រូប​នាង ជន​ស៊ីវិល​ទាំងនោះ បាន​ប្រាប់​វិញ​ថា ពួកគេ​ជា​ប៉ូលិស ហើយ​នាំ​ខ្លួន​នាង ឡើង​ឡាន​ទៅ​ស្នងការ​ខេត្ត​ព្រះសីហនុ។ កញ្ញា សៅ ពិសី ប្រាប់​ថា មនុស្ស​ទាំងនោះ មិន​បាន​បញ្ជាក់​ហេតុផល ឬ ប្រាប់​ថា កញ្ញា សៅ ឧសភា ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អ្វី​ទេ។

កញ្ញា សៅ ពិសី រៀបរាប់​បន្ត​ថា ក្នុង​ពេល​ចាប់ខ្លួន​នោះ គឺ​ពេល​បងស្រី​នាង កញ្ញា សៅ ឧសភា កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ជាមួយ បងប្រុស​ឈ្មោះ សៅ វិច្ឆិកា ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​។ លោក សៅ វិច្ឆិកា បាន​ត្រលប់​មក​ផ្ទះ ប្រាប់​ម្ដាយ ហើយ​បន្តិចក្រោយមក​មាន​សមត្ថកិច្ច​មួយ​ឡាន បាន​មកដល់​មុខ​ផ្ទះ និង​នាំ​ខ្លួន លោក សៅ វិច្ឆិកា ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​អូរឧកញ៉ាហេង​។ កញ្ញា សៅ ពិសី ប្រាប់​ថា ប៉ូលិស​ប៉ុស្តិ៍​មិនបាន​សួរនាំ លោក សៅ វិច្ឆិកា ទេ​។ តែ​បាន​ដកហូត​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​ដោះលែង លោក សៅ វិច្ឆិកា ឱ្យ​ត្រលប់​មក​ផ្ទះ​វិញ។

ចំណែក កញ្ញា សៅ ឧសភា ត្រូវ​បាន​សាកសួរ​ដោយ​តំណាង​អយ្យការ​នៅ​ក្នុង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។ កញ្ញា សៅ ពិសី ប្រាប់​ថា សមត្ថកិច្ច​បាន​ដេញ​កញ្ញា ចេញពី​ក្នុង​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ដោយ​មិន​ឱ្យ​ជួប កញ្ញា សៅ ឧសភា ហើយ​មិនបាន​ប្រាប់​ពី​បទ​ចោទ ឬ​មូលហេតុ នៃ​ការ​ចាប់ខ្លួន​ឱ្យ​គ្រួសារ​បាន​ដឹង​ទេ៖ «គាត់​អត់​មាន​កោះហៅ​យើង​ទៅ​ទេ​បង។ មកដល់​ចាប់​យើង​ហ្មង​។ ចុះ​ចាប់ពី​ម៉ូតូ​ឡើង​ឡាន​។ ពី​ព្រឹក​មិញ រាជអាជ្ញា​គេ​សួរ​គាត់​។ ដល់ពេល​ខ្ញុំ​ចូល​ទៅ​គេ​ដេញ​ខ្ញុំ​មកវិញ គេ​អត់​ឱ្យ​ចូល​ទេ​។ នៅ​ស្នងការ នៅ​ស្នងការ​។ គាត់ (សៅ ឧសភា​) កំពុង​អង្គុយ​និយាយ ដល់​ពេល​ខ្ញុំ​ទៅ​ដល់ គេ​ដេញ​ខ្ញុំ​មកវិញ​។ តាំងពី​ម៉ោង​ប្រហែល​១១ (​ព្រឹក​) គេ​ដេញ​ខ្ញុំ​ចេញ​មក រហូតដល់​ឥឡូវ​អត់​ទាន់​មាន​ការ​ទាក់ទង ហៅ​យើង​ឱ្យ​ចូល​ទៅ និយាយ​គ្នា គឺ​អត់​ទេ​បង​។ អត់​មាន​ប្រាប់​ដំណឹង​ថា គេ​និយាយ​ជាមួយ​គាត់​ហ្នឹង​ម្ដេចៗ គេ​អត់​មាន​និយាយ​ទេ»។

កញ្ញា សៅ ឧសភា គឺជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ស្រុក​ព្រៃនប់ និង​ជា​សកម្មជន​បរិស្ថាន នៃ​ចលនា​មាតា​ធម្មជាតិ​។ ក្រោយ​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា សៅ ឧសភា បាន​មក​ធ្វើការ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ​។ កញ្ញា សៅ ឧសភា ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឈ្មោះ សភា មយូរ៉ា ដើម្បី​រិះគន់​របប​ក្រុងភ្នំពេញ និង​ការ​បំពុល​បរិស្ថាន នៅ​ខេត្ត​ព្រះសីហនុ។

កាលពី​ខែ​មិថុនា សកម្មជន​បរិស្ថាន កញ្ញា សៅ ឧសភា បាន​បង្ហោះ​វីដេអូ​លាតត្រដាង​ពី​ទ្រព្យ​របស់​កូនប្រុស​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ឈ្មោះ ផារ៉ា មង្គល ដែល​មាន​លុយ​រាប់​លាន​ដុល្លារ​ទិញ​ផ្ទះ​វីឡា នៅ​ប្រទេស​អូស្ត្រាលី​។ បន្ទាប់មក កញ្ញា បាន​បង្ហោះ​សារ​រិះគន់​អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​សំណង់​ខុសច្បាប់ របស់​ឈ្មួញ​ចិន​បណ្ដាល​ឱ្យ​បាក់​រលំ​អគារ ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់ និង​របួស​ជាង ​៥០​នាក់។

ក្រោយមក អ្នក​ប្រើ​ហ្វេសប៊ុក​ឈ្មោះ គង់ ម៉េង (Kong Meng) ដែល​ដាក់​រូប​ខ្លួន ជា​មន្ត្រី​ប៉ូលិស​ពាក់​ស័ក្ដិ​បី បាន​ជេរប្រមាថ ក្នុង​ខ្ទង់​បញ្ចេញមតិ (Comment) លើ​ហ្វេសប៊ុក កញ្ញា សៅ ឧសភា និង​គំរាម​ចាប់​សកម្មជន​រូប​នេះ ដាក់​ពន្ធនាគារ ឱ្យ​ទាល់តែ​បាន​។ ចំណែក​ហ្វេសប៊ុក​មួយទៀត​ឈ្មោះ យ៉េន ចាន់ហៀ (Yen Chanhea ) ដែល​ដាក់​រូប​ខ្លួន​ជា​មន្ត្រី​ប៉ូលិស​ពាក់​ស័ក្ដិ​ប្រាំ បាន​កាត់ត​រូបភាព​កញ្ញា សៅ ឧសភា ដោយ​បំភ្លៃ​ថា កញ្ញា​ប្រកាស​លក់ខ្លួន និង​ប្រើ​ពាក្យ​ជេរប្រមាថ​បន្ថែម​ទៀត​។ បន្ទាប់​រង​ការ​ជេរ​ប្រមាថ និង​គំរាម កញ្ញា​បាន​ដាក់​ពាក្យ​ប្ដឹង តែ​ស្ថាប័ន​អគ្គស្នងការ​នគរបាល​ជាតិ​រក​មិន​ឃើញ​បទល្មើស​របស់​មន្ត្រី​ប៉ូលិស​ទាំងពីរ​នាក់​នោះ​ទេ​។ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមហឿន ប្រាប់​អាស៊ីសេរី​នៅ​កាលណោះ​ថា ជន​អនាមិក ឬ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​លួច​ហ្វេសប៊ុក​របស់​មន្ត្រី​នគរបាល យក​ទៅ​បង្ហោះ​សារ ដើម្បី​វាយប្រហារ និង​គំរាមកំហែង​លើ​សកម្មជន​បរិស្ថាន កញ្ញា សៅ ឧសភា។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​ប៉ុស្តិ៍​មូលដ្ឋាន​បាន​ទៅ​ឃាត់ខ្លួន​កញ្ញា សៅ ឧសភា មែន គឺ​ទទួល​បញ្ជា​ឱ្យ​ទៅ​អញ្ជើញ កញ្ញា សៅ ឧសភា មក​បំភ្លឺ រឿង គេហទំព័រ​ហ្វេសប៊ុក និង​គណនី​ហ្វេសប៊ុក ឈ្មោះ សភា មយូរ៉ា ដែល​មាន​រូប​កញ្ញា បាន​បង្ហោះ​សារ​ជេរប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល។ លោក​ថា ក្នុង​ដំណាក់កាល​សាកសួរ កញ្ញា សៅ ឧសភា ប្រាប់​ថា គណនី​ហ្វេសប៊ុក​របស់​កញ្ញា មាន​តែ​មួយ​ទេ។ ស្នងការ​ខេត្ត​រូប​នេះ មិន​បញ្ជាក់​ថា នឹង​ដោះលែង កញ្ញា សៅ ឧសភា វិញ ឬ​អត់​ទេ? តែ លោក​ប្រាប់​ថា កញ្ញា សៅ ឧសភា បាន​សហការ​ល្អ ជាមួយ​សមត្ថកិច្ច៖ «តែ​អ្វី​ដែល​យើង​ឃើញ​គាត់ ដូចជា​នៅ​ក្នុង​ផេក យក​ផេក​រូបភាព អាខោនផេក​វាយប្រហារ​ហើយ ឃើញ​គាត់​ចេញ​វីដេអូ​ឃ្លីប ដូចជា​បដិសេធ​អ៊ីចឹង​ណា​។ អ៊ីចឹង​ហើយ គាត់​មិនបាន​ប្ដឹង​សមត្ថកិច្ច។ អ៊ីចឹង​កុំ​ឱ្យ​វា​ប៉ាតណា​ប៉ាតណី អ៊ីចឹង​ទៅ យើង​សម្រេចចិត្ត​សុំ​គោលការណ៍​ទៅ​ព្រះរាជអាជ្ញា​សុំ​អញ្ជើញ​គាត់​មក​បំភ្លឺ​។ ឥឡូវ​គាត់​មក​បំភ្លឺ​បាន​យើង​ដឹង​សាច់​រឿង ដូច​ខ្ញុំ​បាន​ប្រាប់​អ៊ីចឹង​។ ជា​គោលការណ៍​យើង​ពិនិត្យមើល បើសិនជា​គាត់​អត់​មាន​ចេតនា​អ្វី​ទេ អាហ្នឹង​យើង​អត់​មាន​ត្រូវ​ដោះលែង​អ្វី​ទេ ត្រូវ​ឱ្យ​គាត់​ទៅវិញ​។ មិនមែន​ឃាត់ ឬមួយ​ចាប់​ឯ​ណា។ នីតិវិធី​របស់​យើង វា​មាន​។ ឥឡូវនេះ យើង​កំពុង​បំភ្លឺ​គាត់ អា​ខោ​នទី ២ ទី​៣ បន្ត​ទៀត ហើយ​អ៊ីចឹង​បាន​ស៊ី ជម្រៅ។ ខ្ញុំ​កំពុងតែ​ទទួល​ព័ត៌មាន​អំបាញ់មិញ ជំនាញ​កំពុង​បន្ត​សួរ​គាត់»។

ប្អូនស្រី របស់​កញ្ញា សៅ ឧសភា គឺ​កញ្ញា សៅ ពិសី មិន​ពេញ​ចិត្តនឹង​ការ​កោះ​អញ្ជើញ ទៅ​បំភ្លឺ​ដោយ​ប្រើប្រាស់​របៀប​នេះ​ទេ​។ កញ្ញា ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន កញ្ញា សៅ ឧសភា ដោយ​គ្មាន​បង្ហាញ​ដីកា​ត្រឹមត្រូវ និង​ក្រោម​ស្ថានភាព​បង្ខំ ជាហេតុ​ធ្វើ​ឱ្យ ក្រុម​គ្រួសារ​ព្រួយ​បារម្ភ និង​ត្រូវ​រង​ការ​កាត់​លុយ​ឈ្នួល​ពី​រោងចក្រ​ថែម​ទៀត។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ឱ្យ​ដឹង​ថា ក្រុម​សង្គម​ស៊ីវិល​មានការ​ព្រួយបារម្ភ​ខ្លាំង ចំពោះ​ការ​បង្កើន​វិធានការ​រឹត​បន្តឹង សិទ្ធិ សេរីភាព និង​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​កាន់តែ​ច្រើន​ឡើង​។ អ្នកស្រី​សង្ឃឹម​ថា សមត្ថកិច្ច​នឹង​ដោះលែង កញ្ញា សៅ ឧសភា ឱ្យ​មាន​សេរីភាព​វិញ ក្រោយ​ការ​សាកសួរ ព្រោះ​សកម្មជន​បក្ស​ប្រឆាំង និង​ជា​សកម្មជន​ធ្លាប់​ប្រាប់​ថា ហ្វេសប៊ុក​របស់​កញ្ញា ធ្លាប់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​យក​ទៅ​ប្រើប្រាស់ និង​បង្កើត​គណនី​ក្លែងក្លាយ អាច​ជា​ព្រមាន​ឱ្យ​កញ្ញា ឈប់​រិះគន់​សង្គម៖ «សង្ឃឹម​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង មានការ​យោគយល់​អធ្យាស្រ័យ ព្រោះ​អ្វី​ក្រុម​គ្រួសារ​គាត់​ហ្នឹង ក៏​ក្រីក្រ​ដែរ​។ ម្ដាយ​ចាស់​អស់ហើយ ហើយ​រាល់ថ្ងៃ​ពឹង​ជីវភាព​រស់នៅ​ដោយសារ​កូន​ធ្វើការ​រោងចក្រ​នេះឯង​។ គ្រួសារ​គាត់​ក្រ អត់​មាន​អ្វី​ទេ​។ កូន​ធ្វើ​ការ​រោងចក្រ ហើយ​មនុស្ស ឧសភា​ហ្នឹង​សកម្ម​ខ្លាំង​ដែរ ក្នុង​រឿង​ការងារ​សង្គម​ហ្នឹង​ណា​។ ប៉ុន្តែ​បើ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ ធ្វើ​អ្វី​ខុសច្បាប់​ផ្សេងទៀត មិន​មាន​ទេ​។ គាត់​ចូលចិត្ត​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហ្នឹង​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​គាត់​និយាយ​ហ្នឹង ភាគច្រើន​គាត់​និយាយ​ពី​រឿង​ក្នុង​សង្គម​ច្រើន រិះគន់​ក្នុង​ន័យ​ស្ថាបនា»។

ចំណែក​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​មិត្តភ័ក្ដិ​របស់​កញ្ញា សៅ ឧសភា បាន​អះអាង​ថា មាន​ជនខិលខូច​ចង់​ធ្វើបាប​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ទើប បង្កើត​គណនី​ហ្វេសប៊ុក (Account Facebook) ក្លែងក្លាយ​ផ្សព្វផ្សាយ​រឿង​ផ្ដេសផ្ដាស ជេរប្រមាថ​របប​ក្រុងភ្នំពេញ ហើយ​ទម្លាក់កំហុស​ដាក់​កញ្ញា សៅ ឧសភា។

កញ្ញា សៅ ឧសភា គឺជា​សកម្មជន​បក្ស​ប្រឆាំង ទី​១៦ ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ បង្ក្រាប​ក្នុង​ឆ្នាំ​២០១៩ មុន​ពេល​ដំណើរ​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ របស់​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង ប្រហែល​២០០​នាក់​ផ្សេងទៀត ត្រូវ​បាន​សមត្ថកិច្ច និង​តុលាការ​នៃ​របប​ក្រុងភ្នំពេញ ចេញ​ដីកា​កោះហៅ និង​បំភិតបំភ័យ ជា​បន្តបន្ទាប់​។ សមាជិក​បក្ស​ប្រឆាំង​ច្រើន​នាក់​ផ្សេងទៀត ក៏​កំពុង​រត់គេច​ខ្លួន​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here