អបាយមុខទាំង៤ប្រការដែលត្រូវជៀសអោយឆ្ងាយ

0
128

អបាយមុខទាំង៤ប្រការដែលត្រូវជៀសអោយឆ្ងាយ

មនុស្សដែល​ឈ្មោះថា មានចរិយាសម្បត្តិ​គឺ ជា​អ្នក​វៀរចាក​អបាយ​មុខ ពោល​គឺ​ប្រធាន​នៃ​សេចក្ដី​វិនាស​៤​ប្រការ​គឺ៖

១- លេងស្រី

២- លេងស្រា

៣- លេងល្បែង

៤- សេពគប់បាបមិត្ត។

យើង​ត្រូវ​ដឹង​ថា ការ​លេង​ស្រី វាជា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​យើង​គ្រប់​គ្នា ដែល​ជា​ទោស​អាច​បណ្ដាល​ឲ្យ មាន​ជម្ងឺកាម​រោគ មានជម្ងឺអេដស៍ ស្វាយ ជាដើម រហូត​ដល់​ខ្លួន​ក្សិណ​ក្ស័យ​ចាក​ប្រពន្ធ​កូន​ជាទី​ស្រលាញ់​។ បើ​មិន​មាន​ជម្ងឺ​ធ្ងន់​ធ្ងរ​ទេ ក៏​ជា​ហេតុ​នាំ​ឲ្យ​ញៀន​ញាំម​ត្រេកត្រអាល​ដោយ​រាគៈ ត្រូវ​កាម​ដឹក​មុខ​ហ៊ាន​រហូត​ចាប់​រំលោភ​កុមារី​មិន​ទាន់​គ្រប់​អាយុ​ ឬ​ចាប់​រំលោភ​សេពសន្ថវៈ ទៅ​លើ​ប្រពន្ធ​កូន​អ្នក​ដទៃ​ក៏​អាច​ទៅ​បាន រហូត​ដល់​ថ្នាក់​ត្រូវ​ជាប់​គុក ជាប់​ខ្នោះ​ ច្រវាក់​យូខែ យូឆ្នាំ​ទៅ​តាម​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ។ នេះ​ដោយសារ​ការ​លេង​ស្រី វា​ជា​ហេតុ​នាំ​ឲ្យ​រឿង​ញៀន​ញ៉ាម​ក្នុង​កាមារម្មណ៍។ បើ​យើង​មិន​លេង​ស្រីនោះ តើ​រឿង​ហេតុ​ទាំង​អស់​នោះ​កើត​ឡើង​បាន​ដែរ​ឬ​ទេ? យើង​អាច​យល់​បាន ហើយ​ឆ្លើយ​យ៉ាង​ងាយ​ថា រឿង​នោះ​មិន​អាច​កើត​ឡើង​បាន​ទាល់​តែ​សោះ ព្រោះ​យើង​បាន​ប្រព្រឹត្ត​ចរិយា​ដ៏​ល្អ​គឺ​ការ​មិន​លេង​ស្រី​នោះ​ឯង។

ការ​លេង​ស្រា​ក៏​ជា​ទោស​មួយ​ផង​ដែរ សម្រាប់​បុរស​ស្ត្រី​ក្នុង​លោក​យើង​នេះ ដោយ​ថា​មនុស្ស​ពេញ​ចិត្ត​ស្រា យក​ស្រា​ជា​ទី​ពឹង ឃើញ​ថា មាន​តែ​ស្រា​ទេ ដែល​ជា​មិត្ត​ភក្តិ​ជា​និច្ច​កាល​គ្រប់​ពេល​មនុស្ស​នោះ​ឈ្មោះ​ថា​ខ្វះ​សតិ បាត់​បង់​ស្មារតី និង​បញ្ញា​យក​ទោស​ជា​គុណ យក​គុណ​ជា​ទោស។ កាល​ណា​សុរា​ជ្រាប​ចូល​ដល់​ពោះ​ភ្លាម​ឃើញ​ថា អញ​អស្ចារ្យ​ជាង​គេ ខ្លាំង​ជាង​គេ​ក្លាយ​ទៅ​ជា​អ្នក​ក្លាហាន​ខាង​ផ្នែក​កាប់​ចាក់ ទាត់​ធាក់​កាច​ឃោរឃៅ​យង់​ឃ្នង ហ៊ាន​ប្លន់ ហ៊ានលួច​ ហ៊ាន​សម្លាប់ ហ៊ាន​ចាប់រំលោភ សូម្បីឪពុកម្ដាយ​របស់​ខ្លួន​ក៏​ហ៊ាន​គម្រាម​កំហែង ប្រមាថ ឬហ៊ាន​សម្លាប់​គាត់​ទៀត​ផង។ មនុស្ស​ដែល​មាន​សតិ​បញ្ញា​ស្មារតី​គ្រប់គ្រង​ខ្លួន ឈ្មោះ​ថា ជា​មនុស្ស​​វិកលចរិក​ឬ​ហៅ​ថាវិបល្លាស​ខ្វះ​សតិ​ក្នុង​ខ្លួន។ ព្រោះ​ហេតុ​នោះ មនុស្ស​យើង​ត្រូវ​វៀរចាក​ការ​លេង​សុរា​ឲ្យ​បាន​ជា​ដាច់​ខាត ទើប​ឈ្មោះ​ថា​ជា​មនុស្ស​មាន​ចរិយា​សម្បត្តិ​ល្អ។

ការ​លេង​ភ្នាល់​ក៏​ជា​ទោស​ត្រូវ​វៀរចាក​ជា​ដាច់​ខាត​ផង​ដែរ ព្រោះ​ថា មនុស្ស​ខ្លះ​ដែរ​ងប់​វង្វេង​ក្នុង​វង់​ល្បែង​ភ្លេច​អស់​ពី​ការសិក្សារ​រៀនសូត្រ ការ​កសាង​អំពើ​ល្អ ជា​ពិសេស​ខ្លួន​បានបង្ហាញ​ខ្លួន​ថា ជា​មនុស្ស​មិនត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត​អ្នក​លេង​ល្បេង​រមែង​មិន​ជា​ទីសណ្ដាប់ ជឿ​ទុក​ចិត្ត​អ្នក​ដទៃ​ឡើយ ពេល​និយាយ​សំដី​សាប​ដូច​ជា​ទឹក រហូត​ដល់​ចូល​ទៅ​កាន់​ទី​ជំនុំ​ចំណោម​ខ្លួន​មិន​ជា​អ្នក​ក្លាហាន។ ល្បែងបៀរ ល្បែងស៊ីសង មាន​ការ​ចាក់​បាល់​ ជាដើម​នេះ​សុទ្ធ​តែ​ជា​មេនៃ​សេចក្ដី​វិនាស​សម្រាប់​យើង។ ព្រោះ​ហេតុ​នោះ មនុស្ស​ដែល​ត្រូវ​ជាប្ដី​ប្រពន្ធ​គេ​ត្រូវ​វៀវចាក​ឲ្យ​បាន​នូវ​ល្បែង​ភ្នាល់​គ្រប់​ប្រការ កុំ​លូតលាស់​ឲ្យ​សោះ។

ការ​សេពគប់​នូវ​មិត្ត​ក៏​មាន​សារសំខាន់​ផង​ដែរ នៅ​ក្នុង​ជីវិត​ងរស់​នៅ​ប្រចាំ​ថ្ងៃ បើ​មិត្ត​ប្រកប​ដោយ​ធម៌ (មិត្ត​សុចរិត) នោះ​នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដី​សុខ ប៉ុន្តែ​បើ​មិត្ត​នោះ​ប្រកប​ដោយ​អធម៌ (មិត្តទុច្ចរិត) នោះ នឹង​នាំ​យើង​ទៅ​កាន់​សេចក្ដី​វិនាស​ជា​មិន​ខាន៕

 

ដកស្រង់ចេញពី សៀវភៅ​ ចិញ្ចឹមកូន​តាម​គន្លង​ធម៌

ដោយ​៥០០០​ឆ្នាំ​

LEAVE A REPLY

Please enter your comment!
Please enter your name here