ពេល​ភ្ញៀវ​ឡើង​ជិះ​កង់បី ឃើញ​ខ្ញុំ​អ៊ីចឹង​គេ​ភ្ញាក់ អូ! ស្រី​ទេ ស្មានតែ​មនុស្ស​ប្រុស​

0
108

អ្នកស្រី ឆេង ដានី ជា​ស្ត្រី​ដ៏កម្រ​ម្នាក់​ដែល​កាន់ចង្កូត​ដឹក​អ្នកដំណើរ​លើ​យាន​ដ៏កំពុង​ពេញនិយម​មួយ​នេះ​ដោយ​ត្រូវ​ចេញ​ពី​ផ្ទះ​តាំងពី​ព្រឹក​ព្រលឹម​ដល់​យប់​អធ្រាត្រ​ជាមួយ​វត្តមាន​កូនប្រុស​បណ្ដូល​ចិត្ត​នាំ​មក​ជាប់​ខ្លួន​ជានិច្ច​។

ក្នុង​សម្លៀកបំពាក់​សមសួន​បែប​អ្នក​ធ្វើការ​ការិយាល័យ និង​ពាក់​វ៉ែនតា​ផង​នោះ ស្ត្រី​វ័យ ២៦ ​ឆ្នាំ​រូប​នេះ​បាន​រៀបរាប់​ប្រាប់​ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹង​ថា​៖ «​ពេល​ភ្ញៀវ​ឡើង​ជិះ​កង់បី ឃើញ​ខ្ញុំ​អ៊ីចឹង​គេ​ភ្ញាក់ អូ! ស្រី​ទេ ស្មានតែ​មនុស្ស​ប្រុស​។ បើ​បរទេស​វិញ​គេ​ថា អត់​ដែល​ឃើញ​ស្រី​បើក​កង់​បី​ទេ​នៅ​ខ្មែរ តែ​បើ​នៅ​ប្រទេស​គេ​មាន ហើយ​ភ្ញៀវ​ខ្មែរ​ស្រីៗ​វិញ គាត់​បាន​និយាយ​ថា​តាំងពី​គាត់​ជិះ​កង់បី​មក គឺ​មាន​តែ​មនុស្ស​ប្រុស​ទេ​ជា​អ្នកបើក​។ ពេល​ឃើញ​ខ្ញុំ​ជា​ស្រី​អ៊ីចឹង​ពួកគាត់​សប្បាយ​ចិត្ត​។ គាត់​អត់​ភ័យខ្លាច​ទេ​។ គាត់​មាន​តែ​ទុកចិត្ត​ទៀត​ព្រោះ​ជា​មនុស្ស​ស្រី​ដូច​គា្ន​»​។

ភាពរឹងមាំ​ចាប់​យក​ការងារ​បុរស​ដើម្បី​រកប្រាក់​ចិញ្ចឹម​កូន​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ការហែល​ឆ្លង​ដំណើរ​ជីវិត​ដ៏លំបាក​ជា​កូន​អ្នកក្រីក្រ​ជនបទ​នៅ​ភូមិ​តាកោរ ឃុំ​ដំបូកខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត​។កើត​នៅ​ឆ្នាំ​ ១៩៩៣ ក្នុង​គ្រួសារ​ខ្សត់ខ្សោយ និង​មាន​បងប្អូន​ ៥ ​នាក់ អ្នកស្រី​ដានី ដែល​ជា​កូនស្រី​ច្បង​តែង​ក្រោក​ពី​ព្រលឹម​ដើរ​លក់​នំគម នំត្នោត ដែល​ម្ដាយ​វេចខ្ចប់​សម្រាប់​លក់​ក្នុង​ភូមិ​។ ក្រោយពី​លក់​ដាច់​អស់ ទើប​អ្នកស្រី​អាច​ដើរ​ទៅ​រៀន​ចម្ងាយ​ប្រមាណ​ជាង ២ គីឡូម៉ែត្រ​។ លុះ​ត្រឡប់​មកពី​សាលា​វិញ ល្ងាច​បន្តិច មិន​ខុស​ពី​ក្មេង​ស្រុកស្រែ​ឯទៀត​ទេ អ្នកស្រី​ត្រូវ​ទៅ​មើល​គោ​រហូត​ដល់​ថ្ងៃ​លិច​ទើប​បាន​ចូល​ផ្ទះ​សម្រាកកាយ​។

ចូល​ដល់​ថ្នាក់​វិទ្យាល័យ ការទទួល​ខុសត្រូវ​ជា​កូនច្បង​ក៏កាន់តែ​ខ្លាំង ហើយ​អ្នកស្រី​ចាប់ផ្តើម​មាន​គំនិត​ដើរ​ទិញ​ស្វាយ​ពី​អ្នកភូមិ និង​បាន​រៀបចំ​ស្វាយ​ទាំងនោះ​ឲ្យ​ម្តាយ​យក​មក​លក់​នៅ​ទីក្រុង​ភ្នំពេញ​។

ជីវិត​ជា​សិស្ស​វិទ្យាល័យ​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ ២០១១ ពេល​អ្នកស្រី​បាន​រៀបការ​ជាមួយ​ស្វាមី​ជា​អ្នក​រស់នៅ​ខេត្ត​កំពត​ដូចគ្នា​តាម​ការផ្សំផ្គុំ​របស់​ឪពុកម្តាយ​។ ក្រោយពី​រៀបការ​បាន​រយៈពេល ២ ​សប្តាហ៍​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នេះ​បាន​ផ្លាស់​មក​រស់នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដោយ​ចាប់ដៃ​គ្នា​ដំបូង គ្រួសារ​មួយ​បាន​ប្រើ​ដើមទុន​តិចតួច​ប្រកបរបរ​លក់សាំង​រហូត​មាន​លទ្ធភាព​ពង្រីក​មុខរបរ និង​មាន​ប្រាក់​ទិញ​ផ្ទះ​នៅ​ទី​នោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here