កម្មករ០២ រោងចក្រឈ្លោះគ្នា បើកឆាកប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមរបួសសងខាង

0
543

កម្មករ០២ រោងចក្រឈ្លោះគ្នា បើកឆាកប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមរបួសសងខាង

​ភ្នំពេញ ៖ មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់ និង​៧​នាក់​ទៀត​បាន​រង​របួសស្រាល នៅ​ក្នុង​ហេតុ​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​ក្រុម​កម្មករ​រោងចក្រ​២​ផ្សេង​គ្នា​ដែល​មាន​ទំនាស់​ពេល​កំពុង​ផឹកស៊ី​ក្នុង​ពិធីជប់លៀង​ដែល​រៀបចំ​ឡើង​ដោយ​ថៅកែ​រោងចក្រ ដើម្បី​អបអរសាទរ​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុង​រោងចក្រ​«​ខេ​ម​បូ​ឌា​ន រេ​ដ​សាន់ ខ្លូ​ស៊ី​ង ខូ​អិ​ល​ធី​ឌី​»​និង​រោងចក្រ​«​មី​ល័​រ ខេ​ម​បូ​ឌា ហ្គា​ម៉ិ​ន ឯក​»​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេ​វែ​ន​ស៊ី ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ខណៈនោះ​ភាគី​ទាំង​២​ម្ខាង​ៗ​មាន​គ្នា​រាប់រយ​នាក់​បាន​វាយតប់​គ្នា ព្រមទាំង​ប្រើ​ដុំ​ថ្ម ដប​ស្រា និង​កែវ​ស្រា​គប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​បាន​ស្រែក​ជេរ​បញ្ចោរ​គ្នា​យ៉ាង​អនាធិបតេយ្យ​ទ្រហឹងអឺងកង ពេញ​រោងចក្រ គ្មាន​សណ្ដាប់ធ្នាប់​ឡើយ និង​មើលទៅ​អាក្រក់​មើល​បំផុត ។ ភ្លាម​ៗ​នោះ​កម្លាំង​នគរ​បាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​បណ្ដា​ប៉ុស្តិ៍​នានា​បាន​ចេញ​អន្តរាគមន៍​ទប់ស្កាត់​បន្ទាន់ ប៉ុន្តែ​មិន​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់​ឡើយ ។

អ្នក​រង​របួសធ្ងន់ និង​ស្រាល​ទាំង​១០​នាក់​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នៅឡើយ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​បណ្ដា​គ្លីនិក​ឯកជន​មួយ​ចំនួន ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ថៅកែ​រោងចក្រ​កាត់ដេរ​ទាំង​២​ខាងលើ បាន​រៀបចំ​ធ្វើ​ពិធីជប់លៀង​ជូន​កម្មករ ដើម្បី​ជា​ការ​អបអរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ខណៈនោះ​រោងចក្រ​នីមួយ​ៗ​មាន​កម្មករ​កម្មការិនី​ចូលរួម​រាប់រយ​នាក់ ។ ខណៈ​ដែល​កម្មវិធី​បាន​ដំណើរការ​តាំងពី​ព្រឹក​រហូត​ដល់​ពេល​កើតហេតុ​មានកម្ម​ការិនី​២​នាក់ បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ «​ខេ​ម​បូ​ឌា​ន រេ​ដ​សាន់ ខ្លូ​ស៊ី​ង ខូ​អិ​ល​ធី​ឌី​» បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ចេញ​ក្រៅ ដើម្បី​រក​ទិញ​ម្ជូរ​យក​ទៅ​ហូប ។

ពេល​នោះ​ពួក​នាង​បាន​ជួបនឹង​យុវជន​១​ក្រុម ដែល​ជា​អ្នកបម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ «​មី​ល័​រ ខេ​ម​បូ​ឌា ហ្គា​ម៉ិ​ន​ឯក​» ហើយ​យុវជន​ទាំងនោះ​បាន​យក​ម្សៅ​ទៅ​ប៉ាត​ពួក​នាង ព្រមទាំង​បន្លំ​វាយ​ក្បាល​ពួក​នាង​ទាំង​២​នាក់​ផង​ដែរ ។ ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ពួក​នាង​បាន​ជិះ​ម៉ូតូ​ត្រឡប់​ចូល​ទៅ​ក្នុង​រោងចក្រ​វិញ​រួច​យក​រឿង​នេះ​ទៅ​ប្រាប់​ប្ដី​និ​ងា​ង្សា​រ​ឲ្យ​ដឹង ហើយ​គ្រាន់តែ​ដឹង​ភ្លាម​ប្ដី​ព្រមទាំង​សង្សារ​នាង​ទាំ​២​នាក់ បាន​នាំ​គ្នីគ្នា​៥​ទៅ​៦​នាក់​ចេញ​ទៅ​សួរនាំ​យុវជន​ដែល​វាយ​ក្បាល​ប្រពន្ធ និង​សង្សារ​របស់​ខ្លួន ។ ទើប​ខណៈនោះ​បង្ក​ឲ្យ​មាន​ទំនាស់​ពាក្យ​សម្ដី​រហូត​ក្លាយទៅជា​អំពើ​ហិង្សា​វាយតប់​គ្នា និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ភាគី​ម្ខាង​ៗ​មាន​គ្នា​រាប់រយ​នាក់​បាន​ទាញ​ដុំ​ថ្ម​ដប​ស្រា និង​កែវ​ស្រា​គប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រញ៉េរញ៉ៃ​ពេញ​ក្នុង​រោងចក្រ ។ មិនតែប៉ុណ្ណោះ​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​៣​នាក់ និង​ស្រាល​៧​នាក់ ចំណែក​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​នានា បាន​លើកគ្នា​ទៅ​អន្តរាគមន៍​ទប់ស្កាត់​និង​បំបែក​ទើប​ស្ងប់ស្ងាត់ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ហើយ​តំណាង​រោងចក្រ​ទាំង​២​បាន​ធ្វើការ​សម្របសម្រួល​គ្នា​ដោយ​បាន​ឯកភាព​គ្នា​ថា មិន​ប្ដឹងផ្ដល់​គ្នា​ឡើយ ដោយ​សុខចិត្ត​ជួយ​ព្យាបាល​កម្មករ​របស់​ខ្លួន​ដែល​រង​របួស​រៀង​ៗ​ខ្លួន ។ ម្យ៉ាងទៀត​ដរាបណា គ្មាន​អ្នក​ស្លាប់ ប្រសិនបើ​មាន​កម្មករ​រោងចក្រ​ណា​ស្លាប់​ទើប​មានការ​ប្ដឹងផ្ដល់​គ្នា ហើយ​ក្រោយ​ពេល​រឿង​ត្រូវ​បញ្ចប់​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ដដែល​ទើប​កម្លាំង​នគរបាល​ដក​ចេញពី​រោងចក្រ​នោះ​វិញ ៕

ប្រភព៖ កោះសន្តិភាព

LEAVE A REPLY

Please enter your comment!
Please enter your name here