សូមប្រយ័ត្នកូនលោកអ្នក! ក្មេងស្រីម្នាក់ ញុំបាយបណ្តើរ កាន់ចង្កឹះរត់លេងបណ្តើរដួលជុង ធ្លុះបំពង់ក

0
171

សូមប្រយ័ត្នកូនលោកអ្នក! ក្មេងស្រីម្នាក់ ញុំបាយបណ្តើរ កាន់ចង្កឹះរត់លេងបណ្តើរដួលជុង ធ្លុះបំពង់ក

ប្រសិនបើអ្នកមានកូនតូចៗរត់លេង និងមានកាន់របស់របរអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ កំឡុងពេលដែលកំពុងបញ្ចុកអាហារពួកគេនោះ អ្នកគួរគប្បីបញ្ឈប់ពួកគេ និងគួរឲ្យពួកគេអង្គុយឲ្យបាននឹងធឹង ដើម្បីចៀសវាងការកើតមានបញ្ហា ឬគ្រោះថ្នាក់ណាមួយកើតឡើង។

នាងតូចអាយុ៣ឆ្នាំ ដួលជុងចង្កឹះតាមមាត់ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ កុមារីជនជាតិចិនម្នាក់ ប៊ិះតែនឹងអស់ជីវិត ដោយសារតែ ដួលជុងនឹងចង្កឹះតាមមាត់ធ្លុះដល់.ក អំឡុងពេលញ៉ាំអាហារបណ្តើរ រត់លេងបណ្ដើរ ដែលធ្វើឲ្យអាណាព្យាបាលភ័យ ស.ភ្នែកមិនស្ទើរ ប្រញាប់ប្រញាលបញ្ជូនកូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ ទី១១ មេសា ឆ្នាំ២០១៩ កន្លងទៅនេះ គឺនៅគ្រាដែលកុមារីរងគ្រោះ ញ៉ាំអាហារពេលល្ងាចជាមួយនឹងគ្រួសារនាង ក្នុងបន្ទប់ទទួលភ្ញៀវ ស្ថិតក្នុងខេត្ត Jiangxi ប្រទសចិន។នៅក្នុងថ្ងៃកើតហេតុនោះ កុមារីរងគ្រោះអាយុ ៣ឆ្នាំ ដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ក៏ត្រូវបានគេរាយការណ៍ដែរថា ពេលកំពុងញ៉ាំអាហារនោះ នាងតូចក៏បានរត់លេងពេញក្នុងបន្ទប់ទទួលភ្ញៀវ ខណៈដែលដៃរបស់នាងក៏មានកាន់ចង្កឹះ១ផងដែរ។

នាងតូចអាយុ៣ឆ្នាំ ដួលជុងចង្កឹះតាមមាត់ជារឿងដ៏គួរឲ្យភ័យខ្លាចនោះ នាងតូចបានចំពប់ជើងដួល រហូតត្រូវចង្កឹះបុកចូលតាមមាត់ ធ្លុះដល់បំពង់ក ប៉ះពាល់ទៅដល់ឆ្អឹងលលាដ៏ក្បាល(ស្រាល) ដែលធ្វើឲ្យឪពុកម្តាយនាងតក់ស្លុតយ៉ាងខ្លាំង។ ភ្លាមៗក្រោយកើតហេតុ នាងតូចរងគ្រោះក៏ត្រូវបានគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតូចមួយក្បែរផ្ទះ។

ប៉ុន្តែដោយសារតែ ឃើញស្ថានភាពហាក់ធ្ងន់ធ្ងរ និងតម្រូវឲ្យមានការវះកាត់ដើម្បីសង្រ្គោះជីវិតនោះ គ្រូពេទ្យនៅទីនោះក៏បានប្រាប់ឲ្យបញ្ជូនកុមារីរងគ្រោះទៅកាន់មន្ទីរពេទ្យធំ នៅឯ Central South University’s Xiangya Hospital វិញផងដែរ។

ប្រភពដដែលបន្តថា នៅពេលទៅដល់មន្ទីរពេទ្យធំ គ្រូពេទ្យបានចំណាយពេលអស់ ៨ម៉ោង យ៉ាងយកចិត្តទុកដាក់ ក្នុងប្រតិបត្តិការវះកាត់ តាមរយៈការថតស្កេនពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីយកចង្កឹះប្រវែង ១០សង់ទីម៉ែត្រនោះចេញ និងដោយជោគជ័យ។

អ្នកជំនាញខាងត្រចៀកច្រមុះនិងបំពង់.ក បានលើកឡើងថា នេះគឺជាភ័ព្វសំណាងបំផុតហើយ ដែលចង្កឹះនោះពុំបានចាក់ចំសរីរាង្គសំខាន់ ឬចំណុចសំខាន់ ដោយចាក់ប៉ះចំតែទៅលើជាលិកាទន់តែប៉ុណ្ណោះ។

បើទោះបីជាយ៉ាងណាក្តី នេះក៏ជាសារមួយនៅក្នុងការជួយក្រើនរម្លឹក ដល់អាណាព្យាបាលដែលមានកូនតូចៗទាំងអស់ គួរណាស់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនៗ មិនថាតែពេលញ៉ាំអាហារ ឬពួកគេលេងរបស់របរដែលអាចងាយនឹងរងគ្រោះថ្នាក់នោះទេ ដើម្បីចៀសវាងពីបញ្ហាទាំងឡាយ កុំឲ្យដូចករណីកុមារីរងគ្រោះខាងលើនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here