គ្រប់ទឹកហើយ! អ្នកដាំចេកអំបូងលឿង រដ្ឋាភិបាលចិនអនុញាតិឲ្យក្រុមហ៊ុនខ្មែរចំនួន៥ នាំចេកទៅចិន

0
175

គ្រប់ទឹកហើយ! អ្នកដាំចេកអំបូងលឿង រដ្ឋាភិបាលចិនអនុញាតិឲ្យក្រុមហ៊ុនខ្មែរចំនួន៥ នាំចេកទៅចិន

ភ្នំពេញ ៖ ដើម្បីបន្តនិងពង្រីកសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ដែលភាគីទាំងពីរ បានចុះហត្ថលេខាតាំងពីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ នៅទីក្រុងប៉េកាំង រដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៥ នៅកម្ពុជានាំចេក អំបូងលឿង ទៅកាន់ប្រទេសចិន។

នៅក្នុងកម្មពិធីសម្ពោធ ការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិម្មរុក្ខាប្រមាញ់និងនេសាទ បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាអនេក អបអរសាទរ និងវាយតម្លៃយ៉ាងខ្ពស់ ចំពោះពិធីសម្ពោធការនាំចេញផ្លែចេកស្រស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនដែលរៀប ចំដោយកិច្ចសហការរវាងក្រសួង ជាមួយស្ថានទូតចិននាពេលនេះ។

លោករដ្ឋមន្រ្តីបានលើកឡើងបន្តថា ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់លោកលី អាន តំណាងឲ្យឯកអគ្គរដ្ឋទូត ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលបានអញ្ជើញ ចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះ ។ ទាក់ទងនឹងពិធីនាថ្ងៃនេះ លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថាដោយអនុវត្តតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការ បានខិតខំពុះពារគ្រប់បែបយ៉ាង ក្នុងឆន្ទ:ច្បាស់លាស់គឺ ធ្វើយ៉ាងណានាំកសិផលកម្ពុជា ឲ្យបានចូលក្នុងទីផ្សារអន្តរជាតិ ហើយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានកសិកម្ម និងគ្រប់ភាគីពាក់ព័ន្ធបានទទួលលទ្ធផលគួរជាទីមោទនៈ ជាក់ស្តែងគឺថ្ងៃនេះ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ពិតណាស់លទ្ធផលនេះ មិនអាចកាត់ផ្តាច់បានពីកិច្ចសហប្រតិបត្តិការ យ៉ាងល្អប្រសើរ រវាងភាគីទាំងពីរក្នុងការចរចារ ការឧបត្ថម្ភ គាំទ្រទាំងច្បាប់ និងបច្ចេកទេសពីភាគីចិនធ្វើយ៉ាងណា ដើម្បីនាំផ្លែចេកស្រស់កម្ពុជា ចូលទៅក្នុងទីផ្សារចិន ហើយទីបំផុតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឈានដល់ការចុះ ពិធីសារស្តីពីការអនុញ្ញាតឲ្យកម្ពុជា អាចនាំចេកអំបូងលឿនទៅកាន់ប្រទេសចិន។

លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា “ក្នុងចំណោម១០ ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើសុំគោការណ៍ អនុញ្ញាតនាំចេញផ្លែចេកអំបូងលឿងស្រស់ មានតែក្រុមហ៊ុនចំនួន០៥ មានក្រុមហ៊ុនសុវណ្ណរាជសី ឡុងស្រេងហ៊ុយជៀន ហ្គែនឡែន ហ្គ្រីនអាយឡែន និងក្រុមហ៊ុនឡងមេត ដែលគោរពបានតាមលក្ខខណ្ឌច្បាប់ និងបច្ចេកទេស ហើយអាចធ្វើការនាំចេញ ចេកស្រស់ទៅកាន់ទីផ្សារចិនលើកទី១ បានចំនួនជាង១០០តោននាថ្ងៃនេះ”។

លោករដ្ឋមន្រ្តីបន្តថា ជាការពិត ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនេះបានផ្តល់នូវផល ប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា តាមរយ:ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស សេដ្ឋកិច្ច ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងការវិនិយោគ។ល។ សមិទ្ធផលទាំងអស់នេះបាន និងកំពុងរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កំណើនសេដ្ឋកិច្ច ជាតិឲ្យមាននិរន្តរភាព។

ជាទីបញ្ចប់ លោករដ្ឋមន្ត្រីស្នើឲ្យភាគី ពាក់ព័ន្ធទាំងអស់ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ទូលំទូលាយ និងស៊ីជម្រៅ ដោយយកស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here