ស៊ែរបន្ត! អ្នកដែលគេងតិចជាង០៦ម៉ោង អាចបណ្តាលឲ្យអាយុខ្លី

0
217

ស៊ែរបន្ត! អ្នកដែលគេងតិចជាង០៦ម៉ោង អាចបណ្តាលឲ្យអាយុខ្លី

គេង​តិច​ជា​៦ម៉ោង ក្នុង​មួយ​យប់ អាច​បង្ក​គ្រោះ​ថ្នាក់​​ដល់​​សុខភាព​ និង​​ធ្វើ​​ឱ្យ​​ប្រព័ន្ធ​​ការពារ​ខ្លួន​​យើង​​ចុះ​​ខ្សោយ​។ គេង​មិនគ្រប់គ្រាន់ ជា​មូលហេតុ​បង្ក​ឱ្យ​មាន​ជំងឺ គេង​ច្រើន​ជ្រុល​ជា​រោគ​សញ្ញា​នៃ​ជំងឺ។ ហើយ​កាលពី​ពីរបី​សប្តាហ៍​មុន អ្នកស្រាវជ្រាវ​អង់គ្លេស បាន​រក​ឃើញ​ទៀត​ថា អ្នកនិយម​ចូល​គេង​នៅ​យប់​ជ្រុល​មាន​ហានិភ័យ​ស្លាប់​មុន​អាយុ ដល់​១០​ភាគរយ​លើស​អ្នកមាន​ទម្លាប់​គេងពី​ព្រលប់។ តើការទម្លាប់​ចូល​គេង​ដល់​យប់​ជ្រៅ ជាតំណាង​គ្រោះថ្នាក់​ដល់​ស្លាប់​ឬ ? តើ​មក​ពី​មូលហេតុ​អ្វី ?

មនុស្សយើងគ្រប់រូប សុទ្ធតែមានប្រព័ន្ធដំណេកកំណត់​មកពី​កំណើត ជា​ធម្មជាតិ ធ្វើ​សកម្មភាព​ពេលថ្ងៃ គេង​ពេលយប់ ដល់​ម៉ោង​ងងឹត​ងងុយ ដល់​ម៉ោង​ភ្លឺ​ក៏​ភ្ញាក់។ ប្រព័ន្ធ​ដំណេកនេះ​គ្រប់គ្រង និង​ចាត់ចែង​ដោយ​ខួរក្បាល ទៅ​តាម​ពេលវេលា​យប់​ឬ​ថ្ងៃ។ ប៉ុន្តែ​ប្រព័ន្ធ​ដំណើរ​ការ​ជាធ​ម្មជាតិ​នេះ ហាក់​ត្រូវ​បាន​រំខាន នៅក្នុង​ជីវភាព​រស់នៅ​របស់​មនុស្ស​សម័យ​ថ្មី សម័យ​ទំនើប ជួន​ដោយ​ចេតនា ជួន​ដោយ​អចេតនា។ ព្រះសូរិយា​ទន់ទាប​លិបបាត់​ តាំងពី​រាប់ម៉ោង អាធ្រាត្រ​ហើយ តែ​បែរ​ជា​មិន​គេង គ្រប់គ្នា​នៅ​រស់​រវើក… មិន​ថា​ជា​ទង្វើ​ដោយ​រីករាយ ដោយ​កើតទុក្ខ ដោយបង្ខំ ឬ​ដោយ​កាតព្វកិច្ច​ទេ ការក្រ​ចូល​ទទួល​ទាន​ដំ​ណេក មិនមែន​ជា​ប្រការ​ល្អ​សម្រាប់​សុខភាព​ឡើយ ! តើលោក​អ្នកនាង​ជា​អ្នក​​មាន​ទម្លាប់​ចូល​ដំណេក​នៅ​យប់​ជ្រៅ ឬ​​ក៏មាន​ទម្លាប់​ឆាប់​ចូល​គេង​ពី​ព្រលប់ ភ្ញាក់ពី​ព្រលឹម​តាម​ដំណើរ​ព្រះអាទិត្យ​រះ​និង​លិច ?!

នៅដល់យប់ជ្រៅ ប្រឈមនឹងគ្រោះថ្នាក់ ឆាប់ស្លាប់ ! នេះ​ជា​លទ្ធផល​​នៃការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស ដែល​ទើប​ចេញ​ផ្សាយ​កាលពី​ដើមខែ នៅក្នុង​ទស្សនាវដ្តី Chronobiology International។ បើតាមអ្នកដឹកនាំស្រាវជ្រាវ គំរូជីវិត​និយម​នៅ​ដល់​យប់​ជ្រៅ ឬ​ឆាប់​ភ្ញាក់ អាច​មានឥទ្ធិពល​លើ​សុខភាព​សរីរាង្គកាយ ទៅលើ​សរសៃ​ឈាម​បេះដូង សតិ និង​ទៅលើ​យន្តការ​មេតាបូលិក។ ជាការសិក្សា​ស្រាវជ្រាវ រយៈពេល​៦ឆ្នាំកន្លះ ដោយ​ផ្អែក​លើ​ទិន្នន័យ​សាធារណៈ​នៃ​ពលរដ្ឋ​អង់គ្លេស ជាង​កន្លះ​លាន​នាក់ អាយុ​ពី៣៨ ទៅ ៧៣ឆ្នាំ។ ក្នុងអំឡុង​ពេល​សិក្សា​នោះ ដោយ​គិត​រាប់​សរុប​គ្រប់​មូលហេតុនៃ​ការស្លាប់​ទាំងអស់ គេ​សង្កេត​ឃើញ​ថា អ្នក​ដែល​មាន​ទម្លាប់​គេង​យប់​ជ្រៅ មាន​ហានិភ័យ​ស្លាប់​ខ្ពស់​ជាង​អ្នកមាន​ទម្លាប់​ឆាប់​ចូល​គេង ដល់​ទៅ ១០​ភាគរយ ។ អ្នកស្រាវជ្រាវ​ប៉ាន់​ប្រមាណ​ទៀត​ថា បើគិត​ពី​ចំនួន​ពលរដ្ឋ​អង់គ្លេស​ទូទាំង​ប្រទេស​តែម្តង អ្នកគេង​យប់​ជ្រៅ មាន​បន្ថែម​ហានិភ័យ​នៃ​ការស្លាប់ ប្រែប្រួល​កើន​ខ្ពស់​ជាង​អ្នកគេង​ពី​ព្រលប់ ​ក្នុង​អត្រា​ពី ២ទៅ ១៨ភាគរយ។

តើគេអាចពន្យល់បានយ៉ាងដូចម្តេច ចំពោះករណីក្រចូលគេង និងរយៈកាលនៃជីវិត?

មានសម្មតិកម្មជាច្រើន​ដែល​ត្រូវ​បាន​អ្នកស្រាវជ្រាវ​អង់គ្លេស​លើក​យក​មក​បក​ស្រាយ​ពន្យល់ ថា​ហេតុអ្វី​អ្ន​ក​និយម​ចូលគេង​យប់ជ្រៅ ​ប្រឈម​នឹង​ការស្លាប់​ខ្ពស់​ជាង​អ្នក​ឆាប់​ចូលគេង ៖ អ្នកស្រាវជ្រាវ​បាន​សង្កេត​ឃើញថា​អ្នកក្រ​ចូលគេង​យប់ មាន​​ឥរិយាបថ​និង​ទម្លាប់​រស់នៅ​មិនល្អ និង​អាក្រក់​សម្រាប់​សុខភាព​ច្រើន ដូចជា មិនសូវ​ធ្វើ​កីឡា មិនសូវ​បញ្ចេញ​កម្លាំង​កាយ​សម្បទា គេង​មិន​គ្រប់គ្រាន់ ញ៉ាំ​ពេល​យប់ ដែល​ងាយ​អភិវឌ្ឍន៍​ជាតិ​ស្ករ និង​ខ្លាញ់​ឱ្យ​ឡើង​ខ្ពស់ ។ល។ និង។ល។ អ្នកមាន​ទម្លាប់​គេង​នៅ​យប់ជ្រៅ ទំនង​ជា​មាន​ប្រព័ន្ធ​ដំណេក​ពី​កំណើត​ ដែល​មិន​ស៊ី​នឹង​បរិយាកាស​ខាង​ក្រៅ​ជុំវិញ​ខ្លួន។ នេះជា​សម្មិតិកម្ម​មួយទៀត​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល ដែល​ក៏​ឯកភាពថា ក្រុម​អ្នកនិយម​ចូល​គេង​យប់ជ្រុល ច្រើន​មាន​ទំនោរ​ខ្លាំង​ជា​មនុស្ស​ចូលចិត្ត គ្រឿង​ស្រវឹង សុរា ជក់បារី ប្រព្រឹត្ត​គ្រឿងញៀន និង​ពិសា​កាហ្វេ​ច្រើន​ ដើម្បី​ទប់​ពួកគាត់​កុំ​ឱ្យ​ងងុយ។ អ្នក​គេង​យប់​ជ្រៅ មាន​និន្នាការ​ងាយ​ធ្លាក់​ក្នុង​ជំងឺ​ផ្លូវចិត្ត ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ប្រព័ន្ធប្រសាទ ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ឈឺក្រពះ ពោះវៀន និង​ជំងឺផ្លូវដង្ហើម។ ហេតុដូច្នេះ​ហើយ​បាន​ជាពួក​គេ​ប្រឈម​នឹង​គ្រោះ​មរណៈ​ខ្ពស់​ជាង​អ្នកគេង​ពី​ព្រលប់។

នេះគឺជាលើក​ដំបូង​បង្អស់ដែល​អ្នកវិទ្យាសាស្ត្រ​ផ្តោតការសិក្សា ទៅ​លើ​ហានិភ័យ​នៃ​ការស្លាប់ ដោយ​ហេតុ​តែ​ដំណេក។ បើតាម​សេចក្តី​ថ្លែងការណ៍​របស់​សាកលវិទ្យាល័យ Surrey នេះ​ជា​បញ្ហា​សុខភាព​សាធារណៈ ដែល​គេមិនអាច​ធ្វើ​មិន​ដឹង​មិន​លឺ​បាន​ទៀត​ទេ។ សម្រាប់លោក Malcolm von Schantz សាស្ត្រាចារ្យ​ផ្នែក​ថេរជីវវិទ្យា នៅសាកលវិទ្យាល័យ ដែល​ជាអ្នក​ដឹកនាំ​ស្រាវជ្រាវ អ្នក​មាន​ទម្លាប់​ចូលគេង​នៅ​យប់​ជ្រៅ គួរ​តែ​រកការងារ​ណា​ដែល​មិន​កំណត់​ពេល​ម៉ោង​ដាច់ខាត ដើម្បី​​អាច​បត់​បែន​ពេល​វេលា​បាន​ បង្អូស​ពេល​ម៉ោងធ្វើការ ម៉ោង​ចាប់ផ្តើម ឬ​បង្ហើយ​ការងារ​ដល់​ល្ងាច។ ការដែរ​ចូលគេ​ង​នៅ​យប់ជ្រៅ ហើយ​ប្រឹង​ជំនះ​ងើប​ធ្វើការ​ពេល​ព្រឹក ដូច​មនុស្ស​ទូទៅ ជាការផ្តល់​ផលវិបាក​ដល់​សុខភាព ប្រៀប​ដូច​​ជា​គេង​មិនគ្រប់គ្រាន់​យ៉ាង​ដូច្នោះ។ លទ្ធផល​នៃការស្រាវជ្រាវ​ពេលនេះ​ត្រូវការ​ការសិក្សា​បន្ថែម​ទៀត ! ក្រុម​អ្នកស្រាវជ្រាវ​នឹង​បន្ត​ការសិក្សា​ទៀត ដោយ​សាកល្បង​ណែនាំ​ក្រុម​អ្នកចូលចិត្ត​គេង​យប់ជ្រៅ ឱ្យ​ឆាប់​ចូ​លគេង​ និង​ឆាប់​ភ្ញាក់​ទៅ​តាម​ចង្វាក់​ព្រះអាទិត្យ ដើម្បី​ដឹងថា​តើ​សម្ពាធ​សរសៃឈាម​បេះដូង និង​សុខភាព​ជាទូទៅ​របស់​ពួកគេ បាន​ប្រសើរ​ឬអត់។ ក្នុង​ពេល​រង់ចាំ ក្រុមអ្នកស្រាវជ្រាវ​បាន​ស្នើ​គ្រូពេទ្យ​គិតគួរ​កត់ត្រា និង​យកចិត្ត​ទុកដាក់​ចំពោះ​ប្រព័ន្ធ​ដំណេក​របស់​រាល់​គ្រប់​អ្នកជំងឺ​ដែល​មក​ពិគ្រោះ​សុខភាព ទាក់ទង​នឹង​ដំណេក។

គេងសង មិនមែនជា​ដំណោះស្រាយ

បើ​តាម​ការសិក្សា​របស់​ក្រុម​វេជ្ជសាស្ត្រ​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​កូរ៉េ​ខាងត្បូង បានបង្ហាញថា​អ្នកគេង​យប់ជ្រៅ និង​អ្នក​គេង​ពី​ព្រលប់​មាន​សុខភាព​មិន​ដូចគ្នា​ទេ ! អ្នកគេង​យប់ជ្រៅ មាន​សំណាង​ជួប​គ្រោះ​លូតលាស់​ជំងឺ​ទឹកនោមផ្អែម លើស​អ្នកគេងពីព្រលប់​៖ បើជា​បុរស អ្នក​នៅ​ដល់​យប់​ជ្រៅ មាន​គ្រោះ​កើត​ជំងឺ​ទឹកនោមផ្អែម​លើស​អ្នកគេង​ពីក្បាល​ល្ងាច​ដល់​ទៅ​បី​ដង និង​លើស​ដល់​ទៅ​បួន​ដង គ្រោះ​កើត​ជំងឺ​ខ្សោយ​សាច់ដុំ។ បើជាស្ត្រី អ្នកមាន​ទម្លាប់​ក្រ​ចូលគេង មាន​គ្រោះ​អភិវឌ្ឍន៍​ជំងឺ​ដុះក្បាល​ពោះ​ផង ងាយ​មាន​អាការ​សញ្ញារោគ​នៃ​ជំងឺ​មេតាបូលិក ពោលគឺល្បាយ​នៃ​ជំងឺ​ទឹកនោមផ្អែម សម្ពាធ​ឈាម​ខ្ពស់ និង​ធាត់ជ្រុល។ ហានិភ័យ​កើត​ជំងឺ​មេតាបូលិក មិន​បាន​ថយ​ចុះ​ទេ​ បើទោះបី​ជា​ពួកគេ​គេង​សង​បន្ត​រហូត​មាន​រយៈពេល​ស្មើនឹង​ក្រុម​អ្នកគេង​ពី​ព្រលប់​ក៏ដោយ។ នេះបើ​តាម​ការសិក្សា​របស់​អ្នកវេជ្ជសាស្ត្រ​កូរ៉េដដែល។

និយាយជារួម អ្នកនិយម​ចូល​ដេកនៅពេល​យប់ជ្រៅ មាន​អាយុ​នៅ​ក្មេង​មែន​តែ​ស្ថានភាព​សុខភាព​ដុនដាប​ណាស់ ​ព្រោះ​តែ​ប្រព័ន្ធ​ដំណេក​ធម្មជាតិ ដែលជា​អ្នក​ចាត់ចែង​ពេល​ម៉ោង​សម្រាក និង​ចែក​ចាយ​អាហារ ប្រែប្រួល​ខុស​ប្រក្រតី មិនអាច​បំផ្លែង​ខ្លាញ់​អស់ ទុក​ឱ្យ​សល់​នៅក្នុង​ខ្លួន និង​​នៅក្នុង​ឈាម​។

ពន្លឺ ត្រូវបានគេចាត់ទុកជាដើមហេតុ​ដ៏ចំបង​មួយ ​ដែលនាំ​ឱ្យ​មនុស្ស​ក្រ​ចូល​និន្ទ្រា ! នៅពេល​ខួរក្បាល​ទទួលស​​ញ្ញាថា​មាន​ពន្លឺ ទោះជា​ពន្លឺ​ធម្មជាតិ​ក្តី ឬ​សិប្បនិម្មិត្ត​ក្តី ក៏​ខួរក្បាល​បញ្ជា​ឱ្យ​​ទៅបង្អាក់​ការបញ្ចេញ​អ័រមូន​មេឡាតូនីន អ័រមូន​ទទួល​បន្ទុក​ដំណេក ជាហេតុ​ធ្វើឱ្យ​យើង​លែង​មាន​អារម្មណ៍​ងងុយគេង។ ប៉ុន្តែនៅមាន​ដំនឹង​ល្អ​មួយ​សម្រាប់​អ្នក​មាន​និស្ស័យ​ក្រ​ចូល​គេង ៖ មានការសិក្សា​មួយ​បង្ហាញ​ថា សត្វ​រកស៊ី​ពេល​យប់ ឆ្លាត អ្នកនិយម​ក្រ​គេង​ពេល​យប់ ក្រ​ភ្ញាក់​ពេល​ព្រឹក ច្រើន​ជា​មនុស្ស​ឆ្លាត មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here