ខ្វះមួយអាទិត្យទៀតចូលរោងការ កូនក្រមុំចងកស្លាប់ តែក្រុមគ្រួសារសង្ស័យថាជាការធើ្វទារុណកម្ម

0
232

ខ្វះមួយអាទិត្យទៀតចូលរោងការ កូនក្រមុំចងកស្លាប់ តែក្រុមគ្រួសារសង្ស័យថាជាការធើ្វទារុណកម្ម

សៀមរាប ៖ ស្ត្រីវ័យជំទង់ម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណជា៧និង០០នាទី យប់ ដោយសមត្ថកិច្ចនគរបាលកោសល្យវិច័្ចយ បានសន្និដ្ឋានថា ជាករណីចងកធ្វើអត្តឃាត ប៉ុន្តែក្រោយពីបានដឹកសាកសពទៅដល់គេហដ្ឋានឪពុកម្ដាយរបស់សពនៅក្នុងខេត្តបាត់ដំបង ស្រាប់តែលេចចេញនូវស្លាកស្នាមមិនប្រក្រតីជាច្រើនកន្លែង នៅលើក្បាល និងខ្លួនប្រាណជនរងគ្រោះ ធ្វើឲ្យក្រុមគ្រួសារយល់ឃើញថា ជាករណីមិនប្រក្រតីទៅវិញ។ ហេតុការណ៍នេះ កើតឡើងនៅផ្ទះគូរដណ្តឹងខាងប្រុស ស្ថិតនៅភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ចំណែកជនរងគ្រោះឈ្មោះ សុខ វិច្ឆិការ ភេទស្រី អាយុ២៨ឆ្នាំ មានផ្ទៃពោះ៤ខែទៀតផង។

តាមការឲ្យដឹងពីប្អូនស្រីបង្កើតរបស់ជនរងគ្រោះ ឈ្មោះ សុខស្រីណុច បានឲ្យដឹងថា មុនពេលកើតហេតុ គឺបងស្រីរបស់ខ្លួនឈ្មោះ សុខ វិច្ឆិកា បានប្រាប់ខ្លួនថា គូរដណ្តឹងគាត់បានវាយធ្វើបាបយ៉ាងដំណំ វាយក្បាលផង គំត្រចៀកផង ពីសំណាក់អនាគតស្វាមី ដែលត្រៀមចូលរោងការជាមួយគ្នានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ហើយខណៈនោះបងស្រីខ្លួនត្អូញថា មានអាការឈឺក្បាលវិលមុខយ៉ាងខ្លាំង។

គ្រួសារជនរងគ្រោះបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងទៀតថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ ពួកគាត់នឹងធ្វើដំណើរទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីស្នើសុំបើកការស៊ើបអង្កេត និងកោសល្យវិច័្ចយឡើងវិញករណីនេះ ព្រោះពួកខ្លួនយល់ថា ករណីនៃការស្លាប់ជនរងគ្រោះនេះ គឺមានភាពមិនប្រក្រតីជាច្រើន ដោយសង្ស័យថា ជាអំពើឃាតកម្ម ឬក៏ការធ្វើទារុណកម្មឈានដល់ការបាត់បង់ជីវិត។ គ្រួសារជនរងគ្រោះ បានអំពាវនាវសុំយ៉ាងទទូចដល់សមត្ថកិច្ចនគរបាលខេត្តសៀមរាប មេត្តាជួយរកយុត្តិធម៌ ដើម្បីបញ្ជាក់ការពិត ជូនជនរងគ្រោះដែលបានបាត់បង់ជីវិតដោយអយុត្តិធម៌នេះផង។

គួរបញ្ជាក់ផងដែរថា ឥឡូវនេះសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសព ដឹកយកទៅធ្វើបុណ្យសព នៅឯគេហដ្ឋានរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជុំវិញករណីខាងលើនេះ អ្នកសារព័ត៌មានយើងមិនទាន់អាចសុំការបកស្រាយអំពីស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឡើយទេ៕

ប្រភព៖​ TNB

LEAVE A REPLY

Please enter your comment!
Please enter your name here